2023-04-24 10:04
344

 

ព្រះសីហនុ៖ ក្រុមជនជាតិចិន ចំនួន០៦នាក់ ត្រូវបានរំដោះ ចេញពីអអគារខៃស៊ងគ័រជិ (TRIUMPH INTERNATIONAL) នៃកាស៊ីណូហ្គដដេស អហ្វ លីបីធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED) ដោយសង្ស័យពាក់ព័ន្ធករណីបង្ខាំង និងជួញដូរមនុស្សដោយខុសច្បាប់។

ស្នងការនគរបាលខេត្ដព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៣ នគរបាលជំនាញបានបើកកិច្ចប្រតិបត្ដិការ ស្រាវជ្រាវស្វែងរកជនរងគ្រោះ ក្រោយទទួលបានពាក្យបណ្តឹងពីជនជាតិចិន ពាក់ព័ន្ធករណីសង្ស័យករណីបង្ខាំង នៅក្នុងទីតាំង និងដកយកលិខិតឆ្លងដែន ប្រព្រឹត្ដនៅទីតាំងអគារកាស៊ីណូហ្គដដេស មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ។

យោងតាមរបាយការណ៍ ស្តីពី លទ្ធផលកិច្ចប្រតិបត្ដិការស្រាវជ្រាវ ស្វែងរកជនរងគ្រោះក្នុងបណ្តឹង ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ Hotline របស់ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ និងបណ្ដឹងលេខ (828) Hotline របស់ក្រុមការងារ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីសង្ស័យ ករណីបង្ខាំងមនុស្ស និងដកយកលិខិតឆ្លងដែន ប្រព្រឹត្ដនៅទីតាំងអគារកាស៊ីណូ "ហ្គដដេស" ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ។

ដោយមានជនជាតិចិនម្នាក់ ក្នុងចំណោម ចំនួន០៦នាក់ បានប្តឹងរាយការណ៍តាមទូរស័ព្ទ ដោយរៀបរាប់ថា គាត់ និងមិត្តភក្ដិជាជនជាតិចិន០៥នាក់ទៀត ត្រូវបានគេបង្ខាំង និងធ្វើទារុណកម្មដោយបង្ហាញ ទីតាំង (Location) ស្ថិតនៅអគារ "ខៃស៊ងគ័រជិ" (TRIUMPH INTERNATIONAL) ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ទីតាំងនេះស្ថិតក្នុងបរិវេណ អគារកាស៊ីណូ "ហ្គដដេស" អហ្វ លីបីធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED)

ក្រោយទទួលបណ្តឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី ក្រោមការដឹកនាំរបស់លោកស្នងការនគរបាលខេត្ត ជួន ណារិន និងសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់អគារ ខៃស៊ងគ័រជិ ( TRIUMPH INTERNATIONAL ) ស្ថិតក្នុងបរិវេណទីតាំងអគារកាស៊ីណូហ្គដដេស អហ្វ លីបីធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ដើម្បីស្រាវជ្រាវករណីខាងលើនេះ។

ជាលទ្ធផលនៃការស្រាវជ្រាវសមត្ថកិច្ច រកឃើញ រួមមាន៖

១- បានរកឃើញជនក្នុងបណ្តឹង ចំនួន០៦នាក់ កំពុងអង្គុយធ្វើការនៅបន្ទប់ជាន់ផ្ទាល់ដី និងអាចមានតំរុយពាក់ពន្ធ័ករណីរងគ្រោះនូវជួញដូរបទសង្ស័យ អំពើជួញដូរ ទិញ-លក់ និងអំពើបង្ខាំងមនុស្សដោយមានគោលដៅ។ 

២- ក្រុមការងារបានរកឃើញក្នុងទីតាំងបន្ទប់ធ្វើការនេះ ពាក់ពន្ធ័ករណីរក្សាទុកអាវុធខុសច្បាប់ និងបាននាំខ្លួនមនុស្ស ចំនួន០៥នាក់ មកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជុំវិញករណីខាងលើនេះ។

សម្ភារៈដកហូតបានរួមមាន៖ កាំភ្លើងចំនួន០២ដើម ម៉ាក ZORAKI 925 ចំនួន០១ដើម មានបង់ចំនួន០២ (វែង០១-ខ្លី០១) និងបំពង់ ខ្ទប់សំឡេង ០១ដើម និងម៉ាក ROLO មានលេខ DCH1527637-2 ចំនួន០១ដើម ,គ្រាប់កាំភ្លើង ចំនួន០២ ប្រភេទ ៣៨០mm មាន៤ប្រអប់ ចំនួន២០០គ្រាប់ និង គ្រាប់កាំភ្លើង 9mm សំរាប់ដាក់ ROLO មានចំនួន៩៨គ្រាប់ ,ដំបងឆក់ចំនួន០៤ដើម ,កាំបិតតាំងតោចំនួន០១ដើម ,លិខិតឆ្លងដែនចំនួន០៧ ,កាបូបលុយចំនួន០១ ,កាតចំនួន០២ និងទូរស័ព្ទចំនួន០៤គ្រឿង។

ក្រោយកិច្ចប្រតិបតិ្ដការ និងស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ អនុវត្តចំណាត់ការដូចខាងក្រោម៖

១៖ បញ្ជូនជនរងគ្រោះជាជនជាតិចិនទាំង០៦នាក់ ជូនផែនការងារនគរបាលអន្ដោប្រវេសន៍បន្ដនីតិវិធី។

២៖ បញ្ជូនសំណុំរឿង និងជនសង្ស័យជាជនជាតិចិន២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ មានតម្រុយក្នុងបទអំពើបង្ខាំងសង្ស័យជួញដូរមនុស្សដោយមានគោលដៅ និងបទកាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់។

៣៖ បញ្ជូនជនជាតិចិនឈ្មោះ JIN FU DOU ស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា គ្មានលិខិតឆ្លងដែន ទៅផែនការងារនគរបាលអន្ដោប្រវេសន៍បន្ដនីតិវិធី។

៤៖ បន្ដស្វែងរក និងស្នើសុំដីកាចាប់ខ្លួន ជនជាតិចិន និងបក្ខពួក ជាចារីក្នុងអំពើបង្ខាំង និងអំពើជួញដូរមនុស្សដោយ មានគោដៅ និងអាចមានតម្រុយក្នុងបទល្មើសផ្សេងទៀត។ មានអត្ដសញ្ញាណគ្រប់គ្រាន់ (កំពុងគេចខ្លួន)។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាពាក់បន្ថែមទៀត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕