2024-02-19 01:02
78

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា៖ ក្នុងរយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន ៤៥ករណី នៅទូទាំងប្រទេស។ 

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឲ្យដឹងថា៖ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសទាំង ៤៥ករណី នោះ សមត្ថកិច្ចនគរបាលជាតិ បានក្រសោបចាប់ឃាត់ខ្លួនជសង្ស័យ សរុបចំនួន ៦៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ 

ជាការកត់សម្គាល់ បើធៀបនឹងសប្ដាហ៍កន្លងទៅ ករណីបទល្មើសព្រហ្មទណ្ឌ ក្នុងសប្ដាហ៍ចុងក្រោយនេះ បានថយចុះ។ កាលពីសប្ដាហ៍កន្លងទៅនោះ នគរបាលជាតិបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌជិត ៧០ករណី និងឃាត់ខ្លួនមនុស្សជាង ៩០នាក់។ 

ឈរលើទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តម អភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដៅយកការងារអាទិភាព ចំនួន៦  ដោយក្នុងនោះ ការបង្ការ និងបង្ក្រាបបទល្មើសក្នុងសង្គមក៏ជាអាទិភាពដែរ។ 

លោក ទូច សុឃៈ បានឱ្យដឹងថា ឯកឧត្តម អភិសន្តិបណ្ឌិត បានរម្លឹកជារឿយៗឱ្យអាជ្ញាធរមូលដ្ឋាន រួមទាំងកម្លាំងនគរបាលជាតិ យកចិត្តទុកដាក់ជំរុញអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងកៀរគរប្រជាពលរដ្ឋចូលរួមគាំទ្រឱ្យបានផុសផុលតាមទស្សនៈ «ប្រជាពលរដ្ឋម្នាក់ក៏ជានគរបាលមួយរូប»៕