2023-12-24 06:12
246

ពោធិ៍សាត់៖ ក្រុមជនជាតិវៀតណាម ចំនូន ០២នាក់ ត្រូវបានមន្ត្រីជំនាញផ្នែកជលផលបាកាន-ផលរាំង សហការជាមួយសមត្ថកិច្ចរម្រុះ ធ្វើការឃាត់ខ្លួនសាកសួរ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេសាទ ដោយខុសច្បាប់ប្រើប្រាស់ឧប្បករណ៍ទំនើបបំពងសម្លេងក្នុងទឹកដើម្បីចាប់ត្រី។

ហេតុការណ៍ដែលកម្លាំងចម្រុះតាមប្រមាញ់និងចាប់ខ្លួនបានព្រមទាំងវត្ថុតាងនេះបានកើតឡើងនាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចព្រៃខ្ញែង ស្ថិតក្នុងភូមិព្រែកក្រ ឃុំដីរនាត ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកនាយផ្នែកឲ្យដឹងថាៈ មន្ត្រីជំនាញជលផលបានអនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំខ័ណ្ឌ ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧប្បករណ៍នេសាទហាមឃាត់ និងខុសច្បាប់លោកបានបញ្ជារឲ្យនាយសង្កាត់រាំងទិលសហការជាមួយកម្លាំងចម្រុល្បាតតាមដងទន្លេសាប ក្នុងដែនដីរបស់រដ្ឋបាលជលផល ប្រទះឃើញជនជាតិវៀតណាម ចំនួន ០២នាក់ កំពុងប្រើប្រាស់ប្រព្រឹត្តបទល្មើសដោយប្រើឧប្បករណ៍ទំនើបចាប់ត្រីក្នុងបឹងទន្លេសាប បានបង្ក្រាប និងឃាត់ខ្លួនព្រមទាំងវត្ថុតាងពាក់ព័ន្ធ ដើម្បីបំពេញបែបបទបញ្ជូនទៅកាន់តុលាការ។

លោកនាយផ្នែកជលផលបាកាន ឲ្យទៀតដឹងថា: ជនសង្ស័យ ចំនួន ០២នាក់  ខាងលើរួមមាន៖ ទី១- ឈ្មោះ​  ត្រឹង​ យ៉ុាំងហុង​ ភេទ​ ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ ជនជាតិ​ វៀតណាម​ (ជាឪពុក​) និង ទី២- ឈ្មោះ​ ត្រឹង​ យ៉ុាងសឿង​ អាយុ​ ២៣ឆ្នាំ​  (ត្រូវ​ជាកូន)​ មាន​ទីលំនៅ​ ភូមិ​ក្បាល​តោ​ល​ ឃុំ​កោះ​ជីវាំង​ ស្រុក​ឯកភ្នំ​  ខេត្ត​បាត់ដំបង​។  

ចំពោះវត្ថុតាង រួមមាន៖ កាណួត​ ស្មាច់ភ្ជាប់ម៉ាសុីន ០១គ្រឿង មងបីជាន់ប្រវែង​ ២៥០​ម៉ែត្រ​ ត្រីចម្រុះ ចំនួន​ ៤០គីឡូ​ក្រាម​ កណ្ដឹងសំរាប់បំពងសម្លេងសម្រាប់ចាប់ត្រី និងបង្អេីលត្រី​ ០២គ្រឿង​។ 

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ ០២​នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ពីបទៈ ប្រព្រឹត្តបទល្មើសនេសាទដោយប្រេីឧបករណ៍ទំនើបដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ៕ លាន គ្រន