2023-07-20 06:07
181


(កំពត) នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បាននាំយកវិញ្ញាបត្រសម្គាល់ម្ចាស់អចលនវត្តុឬប័ណ្ណកម្មសិទ្ធិដីធ្លី ដែលបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធមានចំនួន ១,៥៨៨ ប័ណ្ណ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមកនៅភូមិចំនួន២ ទី១ភូមិព្រៃពក ទី២ ភូមិត្រពងវែងខាងលិច ដែលស្ថិតនៅក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។


   ប្រជាពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពតមានភាពសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខ និងបានផ្តល់កម្មសិទ្ធិដីជាង ១ពាន់ប័ណ្ណជូនពលរដ្ឋ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ដីធ្លីឱ្យអស់សក្តានុពល។
   មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការវាស់វែងដីធ្លីផ្តល់ប័ណ្ណកម្មសិទ្ធិ គឺជាកម្មវិធីនយោបាយមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រជាពលរស់នៅយ៉ាងសុខសាន្ត មានលំនឹងផ្លូវចិត្ត ជំរុញដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋ សង្គម និងកាត់បន្ថយភាពក្រីក្រ បញ្ហាវិវាទដីធ្លីជាដើម។

   នៅជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលទើបតែទទួលបាននូវប័ណ្ណកម្មសិទ្ធិ ទាំងអស់ សូមយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ ហើយពេលដែលទទួលបានហើយនោះសូមកុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះយើងបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។

     ម្យ៉ាងទៀត សំណុំរឿងដែលវិវាទលើបញ្ហាដីធ្លី ដែលមានប័ណ្ណកម្មសិទ្ធិនេះ អភិបាលខេត្តថាមិនអាចដោះស្រាយបាននោះទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាការទើបអាចដោះស្រាយបាន។

នៅក្នុងពិធីនោះដែរ ក៏មានការបិទផ្សាយសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រៃឃ្មុំ ឃុំខ្ចាយខាងជើង និងភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ផងដែរ។

   បើយាងតាមការលើកឡើងរបស លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនិងនគររូបនីយកម្មសំណង់ខេត្តកំពត ក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋដែលមានដីក្នុងភូមិខាងលើ ឱ្យមកពិនិត្យផ្ទៀងផ្ទាត់និន្ន័យក្បាលដីឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានបញ្ហាក្រោយពេលចេញប័ណ្ណកម្មសិទ្ធិរួច និងថា ការពិនិត្យផ្ទៀងផ្ទាត់ ឬតវ៉ា មានរយៈពេល១៥ចាប់ពីថ្ងៃបិទផ្សាយតទៅ។