2024-03-03 03:03
60

បន្ទាយមានជ័យ៖ ក្រុមមន្ត្រីជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅថា CMAC បានចុះរាវ និងរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលជាសំណល់សេសសល់ពីសង្គ្រាមស៊ីវិលនៅជុំវិញបរិវេនទីអារាមមួយកន្លែងនៅលើភ្នំស្វាយ ជាង១០០គ្រាប់ នៅចំកណ្តាលបេះដូង ក្រុងសិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានករណីព្រះសង្ឃមួយអង្គដុតសំរាមបង្កឱ្យផ្ទុះរងរបួសកាលពីពេលកន្លងទៅថ្មីៗនេះ។
   បន្ទាប់ពីកើតមានករណីផ្ទុះគ្រាប់លើភ្នំស្វាយទីរួមខេត្តបន្ទាយមានជ័យ ដែលព័ន្ធជុំវិញដោយអង្គភាព ស្ថាប័នរដ្ឋ   ឯកជន និងកងកម្លាំងប្រដាប់អាវុធបង្កឱ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចមកអាជ្ញាធរបានរាយការណ៍ទៅកាន់អង្គភាព CMAC ដើម្បីជួយពិនិត្យ រាវរកគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ស្ថិតនៅលើភ្នំស្វាយ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
   មន្ត្រីជំនាញផ្នែកដោះមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានបើកប្រតិបត្តិរយៈពេលប្រមាណ ៤ថ្ងៃ ក្នុងការបោសសម្អាតមីន និងបន្តរុករកឃើញប្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រីរាជកា ដែលរស់នៅចំណុចលើភ្នំស្វាយភ្ញាក់ខ្លួនព្រើត ព្រោះពួកគាត់ដើរចូលតាមព្រៃជុំវិញបរិវេននោះជាប្រចាំ។
   តាមប្រភព័ត៌មាន បានឲ្យឱ្យដឹងថា ទីតាំងភ្នំស្វាយនេះ កាលពីសម័យសង្គ្រាមជាទីតាំងយោធាដែលឈរជើងដើម្បីប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាន ប៉ុន្តែក្រោយសង្គ្រាមស៊ីវិលត្រូវបានបញ្ចាប់លើភ្នំស្វាយនេះ មានដាក់អងតែនវិទ្យុ ទូរទស្សន៍ ទូរសព្ទ និងមានប្រជាពលរដ្ឋគ្រប់ថ្នាក់ឡើងមកកំពូលភ្នំកម្សាន្តលេងមើលទេសភាព ហាត់ប្រាណជាប្រចាំ។ ចំណែកឯជើងភ្នំវិញ ព័ទ្ធទៅដោយសាលាខេត្ត តុលាការ មូលដ្ឋានអាវុធហត្ថខេត្ត សង្កាត់ បុស្តិ៍នគបាល ពិសេសមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ និងឡើងចុះភ្នំដោយមិនបានចាប់អារម្មណ៍អំពីគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនេះទាល់តែសោះ លុះកើតមាករណីព្រះសង្ឃប្រមូលសំរាមដុតបង្កឱ្យការផ្ទុះរងរបួសហើយត្រូវបានក្រុមមន្ត្រី CMAC ចុះរាវរកឃើញច្រើនសន្ធឹកសន្ធាប់បែបនេះទើបម្នាក់ភ្ញាក់ខ្លួនព្រើតតែម្តង។
   សូមរំឭកថា នៅនៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅមានលោកសង្ឃមួយអង្គព្រះនាម ញ៉ិប សុណាង ព្រះជន្ម១៨ព្រះវស្សា មានទីលំនៅ ភូមិគីឡូលេខ៥ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បច្ចុប្បន្នលោកស្នាក់នៅ និងគង់រៀនសូត្រនៅវត្ត «បរមសាលព្រឹកភ្នំស្វាយ» បានជួបគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបណ្តាលឱ្យរបួសភ្លៅខាងស្តាំ និងក្បែរត្រចៀក ខណៈពេលដែលព្រះអង្គកំពុងប្រមូលសំរាមដុតនៅបរិវេណវត្តក៏បណ្តាលឱ្យផ្ទះគ្រាប់កក្រើកទីរួមខេត្តតែម្តង។
  ក្រោយកើតមានករណីខាងលើទើបកម្លាំងអង្គភាព CMAC ចុះប្រតិបត្តិការរាវរកបរិវេណវត្តទាំងស្រុងប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់ដែលនៅសេសសល់ជុំវិញបរិវេណវត្ត ដើម្បីយកទៅកម្ទេចចោលតែម្តង៕