2023-10-18 02:10
254

កំពង់ស្ពឺ​៖​ ទីប្រឹក្សា​សមាគម​អ្នកអភិរក្សធនធានធម្មជាតិ​ បរិស្ថាន​ និង​ការពារ​សិទ្ធ​ពលរដ្ឋ​ នៅកម្ពុជា​ និងបក្ខពួក ០២នាក់ទៀត ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវ និងឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ពាក់ព័​ន្ធករណី​ «ការនាំយកចេញ​ដោយមិនស្របច្បាប់​សម្រាប់នាំឆ្លងដែន​​ ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​»។ 

 មុខសញ្ញាសង្ស័យ​ ចំនួន ០៣នាក់​ ពាក់ព័​ន្ធករណី​ «ការនាំយកចេញ​ដោយមិនស្របច្បាប់​សម្រាប់នាំឆ្លងដែន​​ ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​» ​ត្រូវចាប់ខ្លួនខាងលើ រួមមាន​៖ 

 ទី១- ឈ្មោះ វង់​ សុខណាង​ ភេទប្រុស​ អាយុ​ ៤៣ឆ្នាំ​ ស្រុក​កំណើត​ខេត្ត​ត្បូង​ឃ្មុំ​ ជាអ្នកចេញ​-ចូល​ក្រៅ​ប្រទេស​ញឹកញាប់។ 

 ទី២- ឈ្មោះ ប៉ែន​ សារឿន​ ភេទប្រុស​ អាយុ​ ៦០ឆ្នាំ​ មុខរប​រ​  ទីប្រឹក្សា​សមាគម​អ្នកអភិរក្សធនធានធម្មជាតិ​ បរិស្ថាន​ និង​ការពារ​សិទ្ធ​ពលរដ្ឋ​ នៅកម្ពុជា​ ស្រុក​កំណើត​ខេត្ត​តាកែវ​ បច្ចុប្បន្ន​រស់នៅ​ស្រុក​ឈូក​ ខេត្ត​កំពត​។ 

 ទី៣- ឈ្មោះ ខុន​ សុខុម​ ភេទស្រី អាយុ​ ៣៦ឆ្នាំ​  រស់នៅ​ភូមិ​បឹងថ្នល់​ ឃុំម្កាក់​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​។ 

 តាមរបាយការណ៍ប៉ូលិសបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ទី១៤ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ​ កម្លាំងនគរបាល​នៃស្នងការ​ដ្ឋា​ន​នគរបាលខេត្ដ​កំពង់​ស្ពឺ​ បានបញ្ជូនមុខសញ្ញា ០៣នាក់​ ស្រី ០១នាក់​  ទៅសា​លាដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​ករណី​នាំមនុស្សមិនស្របច្បាប់​ចេញ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ 

 ការបង្ក្រាបក្រុមនាំមនុស្សខុសច្បាប់ទៅក្រៅប្រទេស ធ្វើឡើងតាមការ​ចង្អុលណែនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ កម្លាំងជំនាញផែនការ​ងារ​សន្តិសុខ​បានសហការជាមួយកំលាំង​អធិការ​ដ្ឋាន​ នគរបាល​ស្រុក​សាមគ្គឺ​មុនីជ័យ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យទាំង ០៣នាក់ 

 បច្ចុប្បន្ន​ មុខសញ្ញា​ខាងលេី​ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន នៅពន្ធនាគារ​ខេត្ត​កំពង់ស្ពឺរួចរាល់៕