2024-03-17 06:03
48

(ព្រះវិហារ)៖ សមិទ្ធផលនានានៅក្នុងវត្តចន្ទរង្សីនិមិត្ត ហៅវត្តឈ្នួន ដែលកសាងអស់ថវិកាចំនួន ៩៦,៨៦៥ដុល្លា ស្ថិតក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីឆ្លងជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។
   ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ជិត ឆ្ងាយយ៉ាងច្រើនកុះករ។
   សមិទ្ធផលនានា នៅក្នុងវត្តចន្ទរង្សីនិមិត្ត ហៅវត្តឈ្នួន ដែលរៀបចំពិធីឆ្លងនាពេលនេះចាប់ផ្តើសាងសង់តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩មកម្លេះ រួមមាន៖ ប្លង់សេ ចំណាយថវិកាចំនួន ១៨៥លានរៀល ដំបូលព្រះវិហារ ចំណាយថវិកាចំនួន ៤មុឺនដុល្លារ បន្ទប់ទឹកចំនួន៥ ចំណាយថវិកាចំនួន១៧លានរៀល ចាក់ដីក្នុងវត្តចំណាយថវិកាចំនួន១៥លានរៀល ផ្លូវចាក់បេតុង ចំណាយថវិកាចំនួន២៦១៥ដុល្លារ។
   នៅក្នុងឱកាសនេះដែរលោក ហោ ប៊ុនហួរ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក អ៊ុក គឹមសាន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង ប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុករវៀងទាំងមូល។
    លោកអភិបាលស្រុករវៀង បានចូលរួមអបអរសាទរជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ ចំពោះសមិទ្ធផលនានានៅក្នុងចន្ទរង្សីនិមិត្ត ហៅវត្តឈ្នួន ដែលបានរៀបចំពិធីឆ្លងនាថ្ងៃ នេះ។ លោកចាត់ទុកសមិទ្ធផលទាំងនេះ ជាសមិទ្ធផលរួមទាំងអស់គ្នា ដែលកើតឡើងដោយការចូលរួមពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋជិតឆ្ងាយ។
លោក ហោ ប៊ុនហួរ បានប្រគេនព្រះសង្ឃ និងជម្រាបជូនប្រជាពលរដ្ឋពីតម្លៃនៃសន្តិភាព ដែលធ្វើឱ្យយើងមានឱកាសបានជួបជុំគ្នា មានឱកាសបានកសាងសមិទ្ធផលរួមគ្នា ពិសេសធ្វើឱ្យប្រទេសជាតិទាំងមូលមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ 
  លោកក៏បានអំពាវដល់ប្រជាពលរដ្ឋត្រូវបន្តរួមគ្នាការពារសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច៕