2023-12-28 03:12
111

ភ្នំពេញ​៖​      ​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញនេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានបន្តចុះពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះកាលពីម្សិលមិញនេះ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន១០៣នាក់ (ផ្តល់ឡើងវិញ ចំនួន៣៥នាក់ និងផ្តល់ថ្មីចំនួន៦៨នាក់)។ 

 ជាមួយគ្នានេះ​ នៅខណ្ឌដង្កោ​ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានចាត់ឲ្យលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល (សង្កាត់ពងទឹក និងសង្កាត់ទៀន) ដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យទៀន និងវិទ្យាល័យពងទឹក។ 

 ដោយឡែក​នៅឯខណ្ឌ​ ៧មករាវិញ​ លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ក៏បានចាត់ឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី២ សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន​ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ នៅចំណុចហាងលក់បាយស្រីខួច ផ្លូវ១៦១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា​៕