2023-09-25 04:09
172

(ឧត្តរមានជ័យ)៖ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា ករណីយុវតី៣នាក់ ធ្វើសកម្មភាពព្រួតវាយទៅលើយុវតីម្នាក់ផ្អើលបណ្តាញសង្គម គឺកើតឡើងអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចតាមផ្លូវខាងលិចរបងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ មូលហេតុដោយសារជនសង្ស័យខឹងជនរងគ្រោះដើរនិយាយដើមខ្លួន។

យុវតី៣នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការការដ្ឋាននគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ក្រោយធ្លាយវីដេអូតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងយុវតីខាងលើ បានប្រើអំពើហិង្សាវាយដំទាត់ធាក់ទៅលើយុវតីម្នាក់ទៀត។

ក្រោយមានការបង្ហោះតាមបណ្តាញសង្គម និងមានការណែនាំ និងអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសំរោង បានស្រាវជ្រាវឃាត់ខ្លួនយុវតីទាំង៣នេះ មកកាន់អធិការដ្ឋាននគរបាលក្រុង។

លោកវរសេនីយ៍ឯក ហម ភិរម្យ បានថ្លែងឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក តេង សាម៉ៃ ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តឧត្តមានជ័យ បានអញ្ជើញមកកាន់អធិការដ្ឋាននគរបាល ក្រុងសំរោង ធ្វើការណែនាំអប់រំ និងពន្យល់ពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ដល់ក្មេងទំនើងស្រីទាំង៣នាក់ខាងលើ និងអាណាព្យាបាលរបស់ពួកគេ ព្រមទាំងបានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ឲ្យធ្វើកិច្ចសន្យាអប់រំ និងឲ្យអាណាព្យាបាលមកធានាយកក្មេងទំនើងទាំង ០៣នាក់ខាងលើ ត្រឡប់ទៅមូលដ្ឋានវិញដើម្បីធ្វើការអប់រំបន្ត៕