2024-04-03 01:04
36

ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ការឈានដល់ការចាប់ខ្លួន លោកអភិបាលរងស្រុកកំពង់លែងម្នាក់, ប្រធានការិយាល័យប្រជាពលរដ្ឋ និងចៅកែក្រុមហ៊ុនផលិតទឹកកកម្នាក់ទៀត សរុបចំនួន ០៣នាក់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឈូសឆាយ ទន្ទ្រាន និងរំលោភយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបធ្វើជាកម្មសិទ្ធិ។ 

 នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា៖ បុគ្គល ចំនួន ០៣រូប ត្រូវបានឃាត់ខ្លួននេះ រួមមាន៖

 ទី១- ឈ្មោះ ពុំ សុផល ភេទប្រុស អាយុ ៥៩ឆ្នាំ ជាអភិបាលរងស្រុកកំពង់លែង, ទី២- ឈ្មោះ លឹម ដានីន ភេទប្រុស អាយុ ៥៣ឆ្នាំ ជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និងទី៣- ឈ្មោះ ជួន តុំ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ម្ចាស់សិប្បកម្មផលិតទឹកកក ត្រពាំងពេជ្រ បានឃុបឃិតគ្នារំលោភយកព្រៃលិចទឹកទំហំ ៩ហិចតា ជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយមកធ្វើជាកម្មសិទ្ធិឲ្យទាន់ពេល ដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ។ 

 លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់ថា «ដើម្បីដំណើរការគៃបំបាត់ដីរដ្ឋនេះ ជនសង្ស័យខាងលើបានប្រើប្រាស់ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញ-លក់ ដែលធាតុពិតដីនេះ មិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញ-លក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន ០៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណងធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គដោយតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ ដូចនេះការឈួសឆាយសម្រេចបានត្រឹមទំហំ ៤ហិចតា នៃផ្ទៃដី ៩ហិចតា»

អ្នកនាមពាក្យ ACU បានឲ្យដឹងទៀតថា៖ 

 ការឈួសឆាយក្នុងថ្ងៃទី០២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តីជលផលស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែដោយបទល្មើសនេះមានជាប់ពាក់ពន្ធ័នឹងបញ្ញត្តិ មាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ អំពីបទល្មើស «បំផ្លាញ និងគៃបំបាត់» រដ្ឋបាលជលផលស្រុកកំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមកអង្គភាព ACU។ 

 ក្រោយអង្គភាពប្រឆាំងអំពើពុករលួយទទួលសំណុំរឿងករណីនេះ បានបើកការស៊ើបអង្គេត ប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី សរុបចំនួន ១៥នាក់ ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសចំនួនពីរ (បញ្ញត្តិមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់) និង (បញ្ញត្តិមាត្រា ៩៨ ចំណុចទី១ នៃច្បាប់ស្តីពី ជលផល)។ 

 អ្នកនាំពាក្យ ACU បានបញ្ជាក់ថា៖ ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ ដោយមានការសម្របសម្រួលឲ្យមានការឈួស ឆាយ កាប់ឆ្ការដីព្រៃលិចទឹកនេះ នៅចំណុច តាទុំ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល (មាត្រា២៩ និយមន័យនៃអ្នកសមគំនិត)៕