2023-06-21 06:06
230

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ បន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខនេះ។


យោងតាមអនក្រឹត្យ លេខ១៣៧ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្តីពី ការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានសម្រេចដូចខាងក្រោម៖
១- អនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
២- អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។
៣- ត្រូវបានបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រហូតដល់ត្រឹមថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
៤- បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
៥- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាម ភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕