2023-12-18 06:12
178

 (ស្ទឹងត្រែង)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ដល់ ថ្នាក់ដឹកនាំ ក្រុង/ស្រុក ឃុំ/សង្កាត់ និង មន្ទីរអង្គភាពពាក់ព័ន្ធ។

 ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលខេត្ត តំណាងឲ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង លោក ប៊ួរ ភារុន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត និងលោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង។

 ថ្លែងក្នុងកិច្ចប្រជុំនេះ លោក វណ្ណ រម្យមនោ បានបញ្ចាក់ថា គោលបំណងកម្មវិធីនេះនិងផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងយុវជននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ ដើម្បីទទួលបានឱកាសការងារនិងឬបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចិរភាព ភាពធន បរិយាបន្ន។

 លោកបន្តថា គោលដៅជាអាទិភាពទី១ គឺយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គោលដៅជាអាទិភាពទី២ គឺបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធអំពីឱកាសបណ្តុះបណ្តាល និងចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលនេះ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភទេ។

 លោក ញ៉ែម វណ្ណយុត្តិ បានបបន្តថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សំដៅធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ​។ តាមរយៈ​កម្មវិធី​នេះ​ខេត្តស្ទឹងត្រែង និងទទួលបានបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែ ២៨ម៉ឺនរៀល​។

 លោកបានបន្តថា ក្រោយពីបញ្ចប់ការសិក្សា យុវជននឹងទទួលបានចំណេះ និងជំនាញមួយពិតប្រាកដ ដើម្បីប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀសបាន​នូវ​ការធ្វើចំណាកស្រុក​ដោយ​ខុសច្បាប់​ផងដែរ​ ។

 ឆ្លៀតក្នុងឱកាសនោះដែរ លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលខេត្ត បានណែនាំដល់មជ្ឈមណ្ឌល ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ អំពីឱកាសបណ្តុះបណ្តាល និងចុះឈ្មោះចូលរៀនកម្មវិធីនេះ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីចូលរួមអនុវត្ដ និងលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គម ក្នុងគោលបំណងសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕