2023-10-03 12:10
195

(ភ្នំពេញ)៖  បើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការអនុវត្ដការឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣។ 

 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ ២៤៣/២២ ក.ប/ប្រ.ក.អ.ក.ក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣ សូមលោក លោកស្រី ជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយ មានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣។

 ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុង ពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់វេនគ្នា។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ និយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួត ពិនិត្យរបស់អធិការការងារ។

 ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេង ទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ ២៤៣/២២ ខាងលើ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាននិងកម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព។