2023-07-21 01:07
184

តពោធិ៍សាត់៖ បន្ទាប់ពីធ្វើការចុះឃោសនារកសម្លេងគ្រាំទ្រពីប្រជាពលរដ្ឋអស់រយះពេល២១ថ្ងៃក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំដង្ហែរក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត  នៅគ្រប់មូលដ្ឋានក្រុង-ស្រុកទាំង៧ និងគ្រប់ឃុំ-សង្កាត់ទាំងអស់ដោយមានសមាជិកប្រមូលផ្តុំជាង ១០០០នាក់ ឡើងទៅតាមទីតាំងនីមួយៗ។ 

ក្នុងនោះដែរ ឯកឧត្តម បណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកវាលវែង បានអញ្ជើញដឹកនាំដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅមូលដ្ឋាន ស្រុកវាលវែង ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ព្រមទាំងសមាជិកគណបក្សសរុបប្រមាណជាង២០០០នាក់ ដោយចេញដំណើរពីទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកវាលវែង កាត់តាមរង្វង់មូលដំរី៥០៥ ហើយឆ្ពោះទៅកាន់បណ្តាលភូមិឃុំនានានៃស្រុកវាលវែង ។

សូមបញ្ជាក់ដែរថា ក្នុងខេត្តពោធិ៍សាត់ មានគណបក្សឈរឈ្មោះបោះឆ្នោតសរុបចំនួន១១  ក្នុងនោះគណបក្ស ចំនួន ០៧ បានចុះធ្វើសកម្មភាពឃោសនារកសម្លេងគ្រាំទ្រ ហើយប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៣០ម៉ឺន ៣២៨នាក់ មានការិយាល័យបោះឆ្នោត ចំនួន ៧៤៤ ។ 

កម្លាំងការពារសន្តិសុខតាមការិយាល័យបោះឆ្នោត សរុប ១៤៦១នាក់  មានអ្នកសង្កេតការណ៍សរុបចំនួន ២ ៥៣៦នាក់ មកពីបណ្តាល  សមាគម អង្គការ សង្គមស៊ីវិលនានា ចំនួន ១៧ស្ថាប័ន ។ 

ស្ថានភាពទូទៅក្នុងរយះពេលល ២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ  ទាំងផ្នែកសន្តិសុខសុវត្ថិភាព ឥរិយាបថ ក្រមសិលធម៌របស់គណបក្សនានា ដោយគោរពទៅតាមច្បាប់ បទបញ្ជានីតិវិធីនៃការ បោះឆ្នោតក្នុងស្មារតីទទួលខុស និងយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕