2024-01-17 01:01
80

ខេត្តរតនគិរី៖  សន្និបាតនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្ត នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី  និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការដៃគូសង្គមស៊ីវិល ប្រមាណ២៨៧នាក់។អង្គសន្និបាតនឹងដំណើការទៅរយៈពេល២ថ្ងៃក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីលទ្ធផល បញ្ហាប្រឈមនានាដែលកើតមានឡើង និងដាក់
ចេញនូវទិសដៅការងារជាអាទិភាពសម្រាប់បន្តអនុវត្ត តាមតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ព្រមទាំងដៃគូរអភិវឌ្ឍន៍នានា ដើម្បីធានាបាននូវប្រសិទ្ធភាព ប្រសិទ្ធផល និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។a  មានប្រសាសន៍បើកសន្និបាតដ៏មានសារៈសំខាន់នេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារអភិវឌ្ឍន៍ខេត្ត និងកិច្ចសហការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការបំពេញបេសកម្មបម្រើជាតិ មាតុភូមិ និងប្រជាជន រហូតសម្រេចបានលទ្ធផលនានាជាច្រើនគួរជាទីមោទនៈ ដែលបានធ្វើឱ្យខេត្តរតនគិរីមានការរីកចម្រើនជាលំដាប់ ប្រជាពលរដ្ឋមានការរីករាយបានទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការដោះស្រាយបាននូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្តបានបន្តថា បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលធ្លាក់ចុះយ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពោរពេញ ដោយថាមពល បញ្ញាញាណឈ្លាសវៃ និងប៉ិនប្រសព្វ បានអនុវត្តនូវនយោបាយការទូត ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាក់ទាញក្រុមហ៊ុន និងអ្នកវិនិយោគធំៗឱ្យចូលមកវិនិយោគក្នុង ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្នុងគោលបំណងលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ ដើម្បីបង្កលក្ខណៈអំណោយផលដល់ដំណើរការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនខណៈពេលប្រទេស ជាតិមានសុខសន្តិភាពពេញលេញ។

ទន្ទឹមគ្នានេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣កន្លងមក គឺជាប្រវត្តិសាស្ត្រដ៏ធំធេងដែលកម្ពុជាសម្រេចបាននូវការផ្ទេរ បន្តនិរន្តភាពដឹកនាំ និងប្រក្រតីភាពនៃស្ថាប័នកំពូលរបស់ជាតិដោយរលូនក្នុងសន្តិភាព ដែលអ្នកបន្តវេនសុទ្ធសឹងជាបញ្ញាវន្ត ប្រកបដោយថាមភាព ព្រមទាំងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិ ដែលមានចក្ខុវិស័យជា យុទ្ធសាស្ត្រ និងគោលបំណងច្បាស់លាស់ ដើម្បីបន្តការពារ និងកសាងមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង និងជាក្តីសង្ឃឹមយ៉ាងកក់ក្ដៅរបស់ប្រជាពលរដ្ឋខ្មែរ។ ស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តរតនគិរីបានកសាងផែនការមួយច្បាស់លាស់ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តឱ្យសម្រេចបាននូវកម្មវិធីជាតិ និងគោលនយោបាយនានាដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដោយផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ទាប់ពីទទួលបាននូវការអនុម័តជាផ្លូវការ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត ដោយផ្អែកតាមក្របខណ្ឌផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ(២០២០-២០២៤) របស់រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលតាមកម្មវិធី និងគម្រោងអាទិភាពនានាដែលមានឆ្លុះបញ្ចាំងនៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលសម្រាប់ឆ្នាំនីមួយៗរបស់រដ្ឋបាលខេត្ត។ឯកឧត្តមក៏បានធ្វើការគូសបញ្ជាក់ផងដែរថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្តក្នុងឆ្នាំ២០២៣កន្លងមកនេះ បាន សម្រេចនូវសមិទ្ធផលគួរឲ្យកត់សំគាល់ទាំងរូបវ័ន្ត និងអរូបវ័ន្តជាច្រើនក្រោមគម្រោងរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត។ ក្នុងទស្សន វិស័យ និងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ គឺតម្រូវឱ្យរដ្ឋបាលគ្រប់ថ្នាក់ ពង្រឹង ការអនុវត្តតួនាទី ភារកិច្ច ការគោរពសិទ្ធិសេរីភាព គោរពច្បាប់ ជាពិសេសការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕