2024-02-27 01:02
99

សៀមរាប៖ សំណុំរឿងព្រហ្មទណ្ឌ ចំនូន ០៤ ក្នុងករណីឆបោកប្រាក់ប្រជាពលរដ្ឋរបស់រាប់លានដុល្លារក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី មានលោកស្រីឧកញ៉ា ឡេង ចាន់ណា ជាអគ្គនាយិកា និងបក្ខត្រូវបានតំណាងអយ្យការសាលាដំបូងសម្រេចចាត់ការ និងបានបញ្ជូនទៅចៅក្រមចាត់ការបន្តតាមនិតិវិធី។ 
    អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ទៀតថា៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋដែល មកធ្វើការតវ៉ា ស្រែកទាមទារសុំឱ្យតុលាការ រកយុត្តិធម៌ឱ្យនោះ បានអះអាងថា «ពួកគាត់ជាជនរងគ្រោះនៃអំពើឆបោកដោយឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក សុំចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឡេង ចាន់ណា ដោយសារថា ពួកគាត់បានដាក់ពាក្យបណ្ដឹងចូលមកសាលាដំបូង និងអមអយ្យការសាលាដំបូងខេត្តសៀមរាបរួចហើយ ប៉ុន្តែសាលាដំបូងអម អយ្យការសាលាដំបូងខេត្តសៀមរាបពុំបានរកដំណោះស្រាយ ជូនពួកគាត់នៅឡើយទេ»។ 
    អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ជូនថា៖ ប្រជាពលរដ្ឋបានប្ដឹងឈ្មោះ ឡេង ចាន់ណា និង បក្ខពួកមកអយ្យការអមសាលា ដំបូងខេត្តសៀមរាប ចំនួន ០៤(បួន) សំណុំរឿង រួមមាន៖ សំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌលេខ ២៣៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌ លេខ ២៦៥ ចុះថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤, និង សំណុំរឿងព្រហ្ម ទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅពេលសំណុំរឿងព្រហ្មទណ្ឌទាំងនេះត្រូវបានបញ្ជូនមកចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ នោះសាលាដំបូងខេត្តសៀមរាបនឹងចាត់ការភ្លាម ដោយផ្អែកតាមកភស្តុតាងក្នុងសំណុំរឿង និងតាមនីតិវិធីច្បាប់។

    ដោយឡែក ចំពោះសំណុំរឿងរដ្ឋប្បវេណីពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងអង្គសេចក្ដី ចំនួន០៤(បួន) សំណុំរឿង រួមមាន ៖  ១- សំណុំរឿងលេខ ៥០៦ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣, ២- សំណុំរឿងលេខ ៥០៧ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣, ៣- សំណុំរឿងលេខ ៥០៨ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣, ៤- និងសំណុំរឿងលេខ៧២ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ 
    ចំពោះសំណុំរឿងរក្សាការពារមាន ចំនួន១ (មួយ) គឺសំណុំរឿងលេខ ១៧ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសាលាដំបូងខេត្តសៀមរាប បានចេញដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ន និងបានអនុវត្តការរឹបអូសជាបណ្ដោះអាសន្នជូនម្ចាស់បំណុលរួចហើយ។ ចំពោះសំណុំរឿងរដ្ឋប្បវេណីដែលកំពុងតែចាត់ការទាំងអស់នោះ សាលាដំបូងខេត្តសៀមរាបកំពុងតែបន្តចំណាត់ការយ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់។ 
    សូមជម្រាប់ថា មានប្រជាពលរដ្ឋដែលរងគ្រោះជាច្រើននាក់ បានចាញ់កលល្បិចជឿតាមការឃោសនារបស់មេធីមទាំង២៥ អំពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់លោកស្រីឧកញ៉ា ឡេង ចាន់ណាអំពីការដាក់វិនិយោគឬប្រាក់ចងការជាមួយក្រុមហ៊ុន ដើម្បទទួលបានការប្រាក់ខ្ពស់ ប៉ុន្តែលទ្ធផលចុងក្រោយប្រាក់បង់ថង់ក៏ដាចអស់ទាំងដើមអស់ទាំងចុង ដោយមានប្រជាពលរដ្ឋខ្លះបានខ្ចីប្រាក់ពីធនាគារយកមកមកចូលរួមដាក់ប្រាក់ជាមួយក្រុមហ៊ុនរបស់លោកស្រីឧកញ៉ា ឡេង ចាន់ណានេះម្នាក់ចាប់ ៥ ០០០ដុល្លារ, ១០ ០០០ដុល្លារ ៥០ ០០០ដុល្លារ រហូត ១០ម៉ឺនដុល្លារ ឬច្រើនជាងនេះក៏មាន ទំហំទឹកប្រាក់ដែលពលរដ្ឋទូទាំងប្រទេស រួមទាំងពលករនៅប្រទេសកូរ៉េផង នោះបានយកប្រាក់មកចងការឱ្យ លោកស្រីឧកញ៉ាឡេង ចាន់ណា នេះមិនក្រោម៣០០លានដុល្លារអាម៉េរិកនោះទេ។

   បច្ចុប្បន្ន ក្រុមហ៊ុនធ្វើនំអត់ម្សៅមួយនេះ ដែលប្រមូលលុយពីពលរដ្ឋ និងពលករនៅប្រទេសកូរ៉េក្លាយជាសេដ្ឋីកំពុងរងភាពអាម៉ាស់ និងបណ្តឹងជាច្រើននៅតុលាការពាក់ព័ន្ធករណីរំលោភលើសេចក្តទុកចិត្ត និងឆបោកប្រាក់៕