2023-04-24 05:04
313

ភ្នំពេញ៖ ត្រឹមតែរយះពេល១ម៉ោងប៉ុណ្ណោះ សំបុត្រចូលទស្សនាការប្រកួតកីឡាបាល់សម្រាប់ថ្ងៃទី១ ត្រូវបានចែកអស់គ្មានសល់ នៅព្រឹកថ្ងៃទី២៤ ខែមេសានឆ្នាំ២០២៣ នេះ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការចែកសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយឥតគិតថ្លៃ។ ជាមួយការប្រកាសផ្តល់សំបុត្រទស្សនា ការប្រកួតបាល់ទាត់បុរស ថ្ងៃបើកឆាក នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រ ដែលបានដឹកដំណឹងនេះ នាំគ្នាទៅទទួលយកសំបុត្រនេះ យ៉ាងច្រើនកុះករ ហើយអ្នកខ្លះទៀត ក៏មិនទាន់បានដឹងពីព័ត៌មានជាក់លាក់នៃការចែកសំបុត្រនេះនៅឡើយទេ។

ការរចែកសំបុត្រនេះ សំបុត្រមានកំណត់ គឺសំបុត្រដែលចែកថ្ងៃទី១នេះ មានត្រឹមតែ១៣០០០សន្លឹក សម្រាប់តំបន់សាធារណៈ ឬ Zone B និងនៅខាងមុខវេទិកាកិត្តិយស (Zone A) មានចំនួន១៣០០សន្លឹក ដោយសារតែចំនួនសំបុត្រមានកំណត់ ទើបបងប្អូនយើងគាត់សម្រុកមកយកច្រើនបែបនេះ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើកឱ្យអ្នកគាំទ្រចូលយកនៅម៉ោង១២ ថ្ងៃត្រង់ ហើយត្រឹមជាង១ម៉ោងប៉ុណ្ណោះ សំបុត្រសរុបចំនួន១៤៣០០សន្លឹក ក៏ត្រូវបានចែកអស់បាត់ទៅហើយ ធ្វើឱ្យអ្នកគាំទ្រជាច្រើនរយនាក់ទៀត ដែលកំពុងឈរចាំ មិនទទួលបានសំបុត្រនេះទេ។ 

យ៉ាងណាមិញសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ចំពោះរឿងសំបុត្រនេះ កមានស្ថាប័នផ្សេងៗទៀតទទួលបានសំបុត្រ ដើម្បីចែកផងដែរ៕