2024-02-27 07:02
69

បាត់ដំបង៖      នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤ សមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះឃាត់រថយន្តធុនធំ០១គ្រឿងដែលបេីកចូលក្នុងក្រុងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ 
   បើតាមសមត្ថកិច្ចបានអោយដឹងថាកន្លងទៅថ្នាក់ដឹកនាំតែងតែក្រើនរំលឹកជាប់ជាប្រចាំដល់មន្រ្តីដែលអនុវត្តការងារនេះ ឱ្យប្រតិបត្តិការដោយត្រឹមត្រូវ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន និងច្បាប់ជាធរមាន ហើយចំពោះករណីរថយន្តដឹកទំនិញសំពីងសំពោង និងរថយន្តធុនធំលើសពី ១៧តោននេះគឺរដ្ឋបាលខេត្តមិនអនុញ្ញាតអោយចូលក្នុងក្រុងឡើយ ព្រោះបើកាលណាចូលមកទីមួយគឺបណ្តាលអោយមានការកកស្ទះ ទីពីរធ្វើអោយខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដូចជាផ្លូវថ្នល់ជាដើម។
   បើយោងតាមលិខិតជូនដំណឹងលេខ ១៣៧២/២២ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបងនិងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង ដែលបញ្ហានេះសមត្ថកិច្ចនគរបាលត្រូវចាត់វិធានការឲ្យស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ។