2023-10-10 01:10
298

បនភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចនិរាករណ៍គោលការណ៍អនុញ្ញាតឱ្យដោះដូរទីតាំងចំណតរថយន្តក្រុងសិរីសោភ័ណ និងទីតាំងចំណត រថយន្តថ្មី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនិរាករណ៍គោលការណ៍អនុញ្ញាតឱ្យវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តតូច ចំណតរថយន្តដឹកភ្ញៀវទេសចរធុនធំ និងរថយន្តដឹកទំនិញធុនធំ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។ យោងតាមលិខិតលេខ ៩២៧ សជណ.មយ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានសម្រេចអំពី ករណីដោះទីតាំងដី ដូចខាងក្រោម៖ 
១- និរាករណ៍គោលការណ៍អនុញ្ញាតឱ្យដោះដូរទីតាំងដីចំនួន ២កន្លែង នៃសេចក្ដីជូនដំណឹងលេខ៤១៣ សជណ.មយ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រីខាងលើ ក្នុងនោះ ទីតាំងទី១៖ ដីចំណតរថយន្តថ្មី (ផ្សារអគ្គ) មានទំហំ ១ ៣៤៤ម៉ែត្រការ៉េ ស្ថិតនៅក្រុងប៉ោយប៉ែត និងទីតាំងទី២៖ ដីចំណតរថយន្តធំសិរីសោភ័ណ មានទំហំ ៧ ២០០ម៉ែត្រការ៉េ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 ២- ចំពោះទីតាំងដីចំនួន ២កន្លែងទៀត នៃសេចក្ដីជូនដំណឹងលេខ ៤១៣ សជណ.មយ ខាងលើ ក្នុងនោះ ទីតាំងដីចំណតរថយន្តតូចទំហំ ៣ ៩៨៣ម៉ែត្រការ៉េ និងទីតាំងសួនកុមារទំហំ ២១ ៧៤០ម៉ែត្រការ៉េ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបន្តពិនិត្យ និងផ្ទៀតផ្ទាត់ឯកសារពាក់ព័ន្ធនឹងបាតុភាពនានាដែលអាចកើតមានជាយថាហេតុ ដើម្បីលើកមតិគោរពជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់បំផុតតាមក្រោយ។ ក្នុងនោះ ទីស្តីការគណៈរដ្ឋមន្ត្រីអំពីការវិនិយោគ និងការធ្វើអាជីវកម្មភាស៊ីចំណតរថយន្ត និងភាស៊ីផ្សារ៖

 ក- និរាករណ៍គោលការណ៍អនុញ្ញាតឱ្យវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តតូច ចំណតរថយន្ត ដឹកភ្ញៀវទេសចរធុនធំ និងរថយន្តដឹកទំនិញធុនធំ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នៃសេចក្តីជូនដំណឹងលេខ ៣៩៤ សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ទន្ទឹមនេះ និរាករណ៍គោលការណ៍អនុញ្ញាតឱ្យវិនិយោគ និងធ្វើអាជីវកម្ម កាស៊ីចំណតរថយន្តគ្រប់ប្រភេទ និងភាស៊ីផ្សារក្នុងក្រុងសិរីសោភ័ណ នៃសេចក្តីជូនដំណឹងលេខ ៤១៣ សជណ.មយ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ខ- ក្នុងករណីមិនមានការចាំបាច់មិនគួរអនុញ្ញាតឱ្យមានការយកភាស៊ីទេទៅថ្ងៃខាងមុខ។ ប៉ុន្តែក្នុងករណីដែលចាំបាច់ត្រូវរៀបចំឱ្យមានការយកភាស៊ី ដោយត្រូវពិនិត្យលទ្ធភាពផ្តល់អាទិភាពដល់ សហគមន៍នៅមូលដ្ឋានដើម្បីរៀបចំ និងដំណើរការគ្រប់គ្រងដោយខ្លួនឯង។ 

សូមជម្រាបថា ចំណតរថយន្តធំ ហៅថា បេនឡានថ្មី និងចំណតចាស់បន្សល់ទុកកាលពីសម័យអាណានិគមបារាំង ស្ថិតនៅចំណុច ជិតមាត់ស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលទួលសិទ្ធវិនិយោគដោយក្រុមហ៊ុនលោក ឈឿង គិរីរ៍ត្ន មានទីលំនៅផ្ទះលេខ៤៧A ផ្លូវ៤៥៤ ភូមិ២ សង្កាត់ទួលទំពូងទូ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងការសាងសង់ និងធ្វើអាជីវកម្មភាប្រមូលស៊ីចំណតរថយន្តតូចធំទាំងពីរនេះ និងមានគម្រោងដោះដូរជាបន្តបន្ទាប់ផងដែរ៕