2024-02-29 08:02
71

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះបង្គោលខ្សែភ្លើងមួយដើម រួចធ្លាក់កំទេចភ្លើង ត្រូវរថយន្តដែលចតនៅខាងក្រោម ខណៈដែលម្ចាស់យកចេញមិនទាន់ បណ្ដាលឲ្យឆេះ តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល។
   ករណីអគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ០៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៩ខែកុម្ភៈឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុដោយឃើញមានឆ្លងចរន្តអគ្គិសនីចេញពីបង្គោលភ្លើង រួចបង្កទៅជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះដែរប្រជាពលរដ្ឋរស់នៅក្បែរនោះក៏នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ពន្លត់ទប់ស្កាត់ភ្លើង និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។ 
   រថយន្តពន្លត់អគ្គិភ័យ បានចេញមកជួយអន្តរាគម៍បាញ់ឲ្យរលត់ភ្លាមៗផងដែរ។
   បន្ទាប់ពីកើតហេតុបាញ់ពន្លត់ចប់ ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់មួយគ្រឿង និងខូចខាតរថយន្តមួយគ្រឿង ដែលជាប់នៅខាងក្រោមឆេះអស់ប្រហែលជា៣០ភាគរយតែប៉ុណ្ណោះ និងមិនមានអ្នករងរបួសនោះទេ៕