2023-12-13 01:12
106

ភ្នំពេញ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានផ្តាំផ្ញើរដល់ឱ្យអ្នកវិភាគ និងប្រជាពលរដ្ឋថា៖ ប្រសិនបើយើងចង់ឃើញកម្ពុជា ទាញយកប្រយោជន៍ពីទំនាក់ទំនងអត្តរជាតិ រវាងបណ្តាប្រទេសជិតខាងរបស់កម្ពុជា ក្នុងតំបន់ និងឆាកអន្តរជាតិ ត្រូវប្រកាន់គោលការណ៍ «ខួរក្បាលធំជាងអណ្តាត»

 លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានយ៉ាងដូច្នេះក្នុងសន្នីសិទសារព័ត៌មាន នៅយប់ថ្ងៃអង្គារ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រលប់ដល់កម្ពុជាវិញ ក្រោយពីបញ្ចប់បេសកម្មដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវរដ្ឋរយៈពេល ០២ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គឺចាប់ពីថ្ងៃទី១១ និងទី១២ ខែធ្ន ឆ្នាំ២០២៣។

 លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្ដាំទៅអ្នកវិភាគថា «ប្រសិនជាពួកគេពិតជាចង់ជួយជាតិ ធ្វើឱ្យជាតិមានសក្ដានុពល និងអត្ថប្រយោជន៍ពីបណ្តាប្រទេសជិតខាង ពីបណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេសលើឆាកអន្តរជាតិម្នាក់ៗទាំងអ្នកចេះដឹង សាមញ្ញជនធម្មតា និងប្រជាពលរដ្ឋ គួរតែប្រកាន់យកគោលការណ៍មួយ នោះធ្វើយ៉ាងណាគួរយកខួរក្បាលធំជាងអណ្ដាត»

 លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការបរទេស បានថ្លែងបញ្ជាក់ថា «នៅលើឆាកក្នុងតំបន់ និងឆាកនយោបាយអន្តរជាតិយើងមិនអាចនិយាយប៉ាតប៉ាតណីបានទេ ពីព្រោះវាអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ប៉ះពាល់រឿងសម្ងាត់ ឬប៉ះពាល់ដល់រឿងសន្តិសុខរបស់ជាតិ»

 សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់ទស្សនកិច្ចរយៈពេល០២ថ្ងៃនៅប្រទេសវៀតណាម និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកមាតុប្រទេវិញ នៅព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ជាមួយនឹងការជោគជ័យបន្តនូវទំនាក់ទំនងដ៏ល្អ និងគួរឱ្យជឿជាក់មួយរវាងប្រទេសជិតខាង៕