2023-04-25 09:04
349

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំវិទ្យាស្ថាន NIE សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ការបង្រៀនរបស់យើង គឺប្រើប្រាស់ធ្យូង និងដីឥដ្ឋប៉ុណ្ណោះ»

ការអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ(NIE) របស់សម្តេចតេជោ ដែលពិធីនេះត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជាមានការបណ្តុះបណ្តាលគ្រូបង្រៀនមាន ៣កម្រិត គឺ៖ កម្រិតនៅវិទ្យាស្ថានជាតិគ្រប់គ្រង , កម្រិតថ្នាកភូមិភាគ និងកម្រិតវិក្រិត្យកាថ្នាក់ខេត្ត។ សម្តេចតេជោបានបន្តទៀតថា ការបញ្ចេញគ្រូបង្រៀនច្រើនណាស់ក្នុងមួយឆ្នាំៗ ជាពិសេសម្រិតភូមិភាគ និងកម្រិតវិក្រិត្យកាថ្នាក់ខេត្តហើយសម្រាប់កម្រិតវិទ្យាស្ថានជាតិមិនសូវប៉ុន្មានទេ។ កិច្ចការងារនេះ មិនមានតែរដ្ឋាភិបាល ឬក្រសួងអប់រំ យុវជន និងកីឡានោះទេ គឺត្រូវមានការចូលរួមទាំងអស់គ្នា គ្រប់ផ្នែក ហើយសាលារៀនពីមុខកើតឡើងដោយសារប្រជាពលរដ្ឋ និងសប្បុរសជននានា។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កាលពីសម័យបារាំងសម្តេចមិនដឹងច្បាស់ទេ ប៉ុន្តែសម័យសង្គមរាជនិយមរដ្ឋផ្តល់តែសាលារៀនទេ សម្រាប់គ្រូបង្រៀនសហគមន៍ខ្លូនឯងជាអ្នកទទួលខុសត្រូវទាំងស្រុង។ សម័យសង្គ្រាមរបបប៉ុល ពតយើងមិនបាច់និយាយទេ ព្រោះវាខ្ទេចខ្ទីរអស់ទាំងស្រុង ប៉ុន្តែក្រោយថ្ងៃរំដោះថ្ងៃ៧មករា១៩៧៩ សាលារៀននៅសល់តិចតួចណាស់ ត្រូវរៀនក្រោមកុដព្រះសង្ឃ ក្រោមផ្ទះ ឬក្រោមម្លប់ឈើ ហើយដំណាក់កាលនោះប្រទេសជាតិរបស់យើងត្រូវជាប់ទណ្ឌកម្មរបស់បរទេស។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ក្នុងដំណាក់កាលប្រទេសដែលជាប់ទណ្ឌកម្ម យើងមិនទទទួលបានជំនួយលើអភិវឌ្ឍន៍នោះទេ គឺមានត្រឹមតែជំនួយជាស្បៀងអាហារ ថ្នាំសង្កូវបន្តិចបន្តួចប៉ុណ្ណោះ ហើយជំនាន់នោះ គឺការបង្រៀនប្រើដោយធ្យូង និងដីឥដ្ឋប៉ុណ្ណោះ»