2024-03-17 06:03
44

(បាត់ដំបង)ៈ ក្រុមមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចគោក្របីអ្នកស្រុកយ៉ាងសកម្មត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣នាក់។ការឃាត់ខ្លួននេះធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់              ដំបង។
   តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថានៅក្នុងប្រតិបត្តិការនេះដំបូងឡើយកម្លាំង យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទី១-ឈ្មោះវណ្ណី ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទី២-ឈ្មោះ ភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុក              រតនះមណ្ឌល ខេត្តបាត់ដំបង ពាក់ព័ន្ធនិងករណីលួចសត្វគោ របស់ជនរងគ្រោះឈ្មោះ មៀន យ៉ុន ភេទប្រុស អាយុ៦៦ឆ្នាំ កាលពីយប់រំលងអាធ្រាត្រឈានថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី៣ ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ 
   សមត្ថកិច្ចបន្ថែមថាឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យទាំងពីរនាក់ខាងលើនេះ រួចមកសមត្ថកិច្ចក៏បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ បឿន ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង នៅក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាង រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ 3A- 36 60 -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លា ស្ទិច ចំនួន១ កញ្ចប់-សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន-ទូរស័ព្ទដៃចំនួន២គ្រឿងនិង-សត្វគោចំនួន០៧ក្បាលផងដែរ ។

   នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថាពួកខ្លួន ពិតជាបានធ្វើសកម្មភាព លួចសត្វគោរបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកពួកគេក៏ធ្លាប់ធ្វើសកម្មភាពលួចសត្វគោជាច្រើនលើកច្រើនសារនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្តបាត់ដំបងផងដែរ ។ 
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕