2024-04-09 02:04
25

ភ្នំពេញ ៈ បុរសម្នាក់ត្រូវបានរថយន្តសាម៊ុយដឹកបញ្ជួនយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកដង្កោ បន្ទាប់ពីយកកាំបិតចិតបន្លែមកអារក ប៉ុនប៉ងសម្លាប់ខ្លួនប៉ុន្តែមិនបានសម្រេច  ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩ និង ១០នាទី ព្រឹកថ្ងៃទី ៩ខែមេសាឆ្នាំ ២០២៤  ស្ថិតនៅភូមិព្រៃសខាងលិច  សង្កាត់ព្រៃស  ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែលប៉ុនប៉ងសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ឈាង  បូរ៉ា អាយុ៥៤ឆ្នាំ  មានទីលំនៅភូមិភ្នៅ ឃុំភ្នៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ 

បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះចាន់ សុធារ៉ា  អាយុ ៤៤ឆ្នាំដែលត្រូវជាក្មួយរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅព្រឹកថ្ងៃទី៨ ខែមេសាឆ្នាំ២០២៤ ពូរបស់ខ្លួនបានមកលេងនិងបានស្នាក់នៅ ផ្ទះគាត់បានមួយយប់។ លុះមកដល់ព្រឹកថ្ងៃទី៩ ដែលជាថ្ងៃកើតហេតុខណៈគាត់ចេញពីបន្ទប់ស្រាប់តែឃើញពូរបស់ខ្លួនកំពុងតែធ្វើសកម្មភាពយកកាំបិតចិតបន្លែមកអារក ប៉ុនប៉ងសម្លាប់ខ្លួន ឃើញសភាពបែបនេះ  គាត់ក៏បានស្រែកឲ្យអ្នកជិតខាងជួយនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យភ្លាមៗតែម្តង។

បន្ទាប់មកក៏មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យឃើញថាជនរងគ្រោះនៅមានដង្ហើម ក៏បានហៅរថយន្តសាម៊ុយរបស់មន្ទីពេទ្យបង្អែកដង្កោមកដឹកជនរងគ្រោះយកទៅ សង្គ្រោះភ្លាមៗតែម្តង ។

បើតាមការបញ្ជាក់ពីក្មួយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាជនរងគ្រោះបានលែងលះគ្នាជាមួយប្រពន្ធជាច្រើនឆ្នាំមកហើយ តែងតែផឹកស្រាជាប្រចាំនិងបានប្រើប្រាស់នូវសារធាតុញៀនថែមទៀតផង  ទើបធ្វើឲ្យគាត់មានវិបត្តិផ្លូវចិត្តគិតមិនចេញរហូតប៉ុនប៉ុងធ្វើ           អត្តឃាតសម្លាប់ខ្លួនឯងបែបនេះតែម្តង ។