2023-07-04 01:07
135

តាកែវ៖ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ ដែលផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ និងរដ្ឋាករនឹងត្រូវបញ្ជូនទៅកាន់តំណាងអយ្យការសាលាដំបូង នៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២៣ នេះ ដើម្បីមានចំណាត់ការតាមនិតិវិធីច្បាប់។

តាមប្រភពព័ត៌មាន ពីមន្ត្រីអគ្គនាយកដ្ឋាន និងរដ្ឋាករ បានឲ្យដឹងថា មន្ត្រីនគរបាលមួយរូប ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ដោយកំពុងបន្តនីតិវិធីកសាងសំណុំរឿង និងគ្រោងនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៤ ខែកក្កដានេះ។

មន្ត្រីនគរបាលដែលកាងទំនិញខុសច្បាប់នាំចូលពីប្រទេសវៀតណាមមានឈ្មោះ​ ណុប​ សំបូរ​ ភេទ ប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅភូមិកំពង់អំពិល​ ឃុំ-ស្រុកបូរីជលសារ​ ខេត្តតាកែវ​ពាក់ ពាក់ស័ក្តិ៤កន្លះ មានតួនាទីជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ជិះរថយន្ត ០១គ្រឿង​ ម៉ាក FORD RANGER WILDTRAK ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ1BY-9899 បានធ្វេីសកម្មភាព​រារាំង (បិទគូថ)​ និងបានដកកាំភ្លេីងខ្លីបាញ់ចំនួន ០៥គ្រាប់​ ដេីម្បីគំរាមដល់កម្លាំងគយចុះបង្ក្រាបទំនិញគេចពន្ធនាំចូល​។

តាមមន្ត្រូគយបានឲ្យដឹងទៀតថា មន្ត្រីនគរបាលរូបនេះ បានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ។

ទង្វើរបស់នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានមន្ត្រីគយចាត់ទុកថាជាករណី "រារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់"។

តាមការបញ្ជាក់មន្ត្រីគយ បានឲ្យដឹងថា "នគរបាលសេដ្ឋកិច្ចខេត្តតាកែវរូបនេះ ជាអ្នកកាងទំនិញដ៏សកម្មនាំចូលពីប្រទេសវៀតណាមចូលកម្ពុជា ក្នុងភូមិសាស្ត្រខេត្តតាកែវ បានផ្ទុះអាវុធក្នុងបុព្វហេតុកាងទំនិញបង្កឱ្យភ្ញាក់ផ្អើល និងប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ"។

ក្រោយពីមានករណីប៉ះទង្គិចរវាងមន្ត្រីគយ និងប៉ូលិសសេដ្ឋកិច្ចក្នុងការបង្ក្រាបរថយន្តសង្ស័យដឹកទំនិញគេចពន្ធនោះ នៅថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២៣​ លោកស្នងការ​កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់​ ចុះធ្វេីការស្រាវ​ជ្រាវ​នៅកន្លែងកេីតហេតុ​ បានរកឃេីញសំបកគ្រាប់កាំភ្លេីងពណ៌ទឹកប្រាក់ ចំនួន ០១គ្រាប់​។

ដោយមានការសម្របសម្រួលនីតិវិធីពី​លោកព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តតាកែវ កម្លាំងគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បានធ្វើការឃាត់ខ្លួននាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឈ្មោះ​ ណុប​ សំបូរ ដកហូតកាំភ្លេីងខ្លី ០១ដើម ម៉ាក់ GLOCK លេខ DZH980 ,គ្រាប់កាំភ្លេីង ចំនួន ១៥គ្រាប់​ ,គ្រាប់ពណ៌ទឹកប្រាក់ ចំនួន ១០គ្រាប់ ,បង់០១​  និងរថយន្ត ០១គ្រឿង​ ម៉ាក់ FORD RANGER WILDTRAK ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ 1BY-9899 យកមកសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី។

ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ជាអ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ មិនអាចសុំការបកស្រាយបន្ថែមបានទេ ដោយសារគ្មានការឆ្លើយតម៕