2024-01-08 11:01
83

(កំពត)៖  កាលពីថ្ងៃអាទិត្យ ត្រូវនិងថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សោម ចិនអតីតយុទ្ធ១៩៧៨ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពត ក្នុងនាម តំណាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន  ជាមគ្គទេសជាតិខ្មែរដ៏ឆ្នើម និងជាប្រធានកិត្តិយសយុទ្ធមិត្ត ១៩៧៨ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានយុទ្ធមិត្ត ១៩៧៨ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកសួស តារា ដែលជាអតីតយុទ្ធមិត្ត នៃការចូលរួម ចលនាតស៊ូរំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុលពតឆ្នាំ១៩៧៨ ។  

ឯកឧត្តម សោម ចិន បានដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រុងកំពត ខេត្តកំពត ដើម្បីចូលរួម គោរពវិញ្ញាណក្ខន្ធនិងសម្ដែងមនោសញ្ចេតនា រំលែកទុក្ខដល់ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព លោក សួស តារា ដែលជាអតីតយុទ្ធមិត្ត១៩៧៨ នៅគេហដ្ឋាននៃសព ក្នុងភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូខេត្តកំពត។  

ក្នុងឱកាសនោះ ឯកឧត្តម សោម ចិន បានមានមតិបញ្ជាក់លើកឡើងថា ជានិច្ចកាល សម្ដេច តេជោហ៊ុន សែន ក៏ដូចជាសម្ដេចសង្គហបណ្ឌិត ម៉ែន សំអនក្នុងនាមអតីតយុទ្ធមិត្ត១៩៧៨សម្ដេចទាំងទ្វេ តែងតែមានការរលឹកនឹកគុណ នូវអនុស្សាវរីយ៍ ពីអតីតកាលរួម របស់យុទ្ធមិត្តទាំងឡាយ ឆ្នាំ ១៩៧៨ ដែលក្នុងគ្រាលំបាកលំបិន នៃការចូលរួម ចលនា តស៊ូដោយស្មោះស្ម័គ្រ ដើម្បីបុព្វហេតុជាតិមាតុភូមិជាមួយសម្ដេច។

ពិសេសសកម្មភាព គុណបំណាច់មិនអាចបំភ្លេចបានរបស់យុទ្ធមិត្ត១៩៧៨ ក្នុងសម័យកាល តស៊ូរំដោះជាតិ និងប្រជាជន ឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ប៉ុល ពតនាថ្ងៃទី ៧ ខែមករាឆ្នាំ១៩៧៩  ដែលមានរយៈពេលជាង៤០ ឆ្នាំកន្លងមកនេះ។ 

ឯកឧត្តមសោម ចិន ក៏បានបន្តលើកឡើងទៀតថា ដោយឡែក នាពេលនេះ ក្នុងមនោសញ្ចេតនា ស្រលាញ់រាប់អានដោយស្មោះ និងក្នុងនាម ឯកឧត្តម  ជាអតីតមេបញ្ជាការផ្ទាល់សព លោក សួស តារា ឯកឧត្តម មានការចូលរួមយ៉ាងសោកស្ដាយ ចំពោះការបាត់បង់ លោកសួស តារា ដែលជាយុទ្ធមិត្តធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាក្នុងចលនាតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។

ពិសេសអនុស្សាវរីយ៍និងសកម្មភាពជាច្រើនចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មក របស់លោកសួស តារា ក្នុងការចូលរួមចំណែកការពារ កសាងនិងអភិវឌ្ឍប្រទេសជាតិក៏ដូចជាខេត្តកំពត បានបន្សល់ទុកនៅអនុស្សាវរីយ៍នឹងគេដំណើរសមិទ្ធផលជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយនៅក្នុងទឹកដីខេត្តកំពតនាពេលបច្ចុប្បន្ននេះ។
សកម្មភាពនិងអនុស្សាវរីយ៍ល្អៗជាច្រើនទាំងអស់នោះ បានធ្វើឲ្យថ្នាក់ដឹកនាំក៏ដូចជាពលរដ្ឋក្នុងខេត្តកំពតតែងតែមានការចងចាំនិងមិនអាចបំភ្លេចបាន។

ក្នុងឱកាសនោះឯកឧត្តមក៏បាននាំយកនៅបច្ច័យមួយចំនួន ចូលរួមជាមួយក្រុមគ្រួសារនៃសពផងដែរ។(សឹង រ៉ាត់)