2023-07-02 02:07
168


ភ្នំពេញ៖ រថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាក Range Rover បានផ្ទុះម៉ាស៊ីន បង្កជាអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុង ខណៈជាងជួសជុលរថយន្ត ឡើងបើកសាកល្បង ដើម្បីត្រួតពិនិត្យរកមើលថាវាខួចត្រង់ចំណុចណាខ្លះ? ប៉ុន្តែពេកកំពុងបើកសុខៗក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ 


ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៦ បត់ចូលទៅកាន់ OCIC ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។ 
តាមប្រភព័ត៌មាន បានឲ្យដឹងថា រថយន្តដែលរងការឆេះ ម៉ាក Range Rover ពណ៌ខ្មៅ គ្មានស្លាកលេខ ត្រូវម្ចាស់យកមកឲ្យជាងធ្វើការត្រួតពិនិត្យរកកន្លែងដែលខួច ប៉ុន្តែពេលជាងជួសជ្រុលបើកសាកល្បង ដើម្បីត្រួតពិនិត្យស្រាប់កើតជាអគ្គីភ័យតែម្តង។ 
ជាងជួសជុលរថយន្តរថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តរបស់ភ្ញៀវ ម៉ាក Range Rover ពណ៌ខ្មៅ គ្មានស្លាកលេខនោះទេ ដែលយកមកជួសជុល នៅយានដ្ឋានកន្លែងដែលគាត់ធ្វើការ គាត់បានឡើងបើករថយន្តនោះដើម្បីចង់ដឹងថារថយន្តនោះខូចអ្វី ខណៈបើកមិនបានប៉ុន្មានម៉ែត្រផង ស្រាប់តែរថយន្ត ផ្ទុះម៉ាសុីន មូលហេតុដោយសារអស់ប្រេងម៉ាសុីន បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានយកបំពង់ពន្លត់អគ្គិភ័យ យកមកជួយបាញ់ពន្លត់ជាច្រើនបំពង់ នៅតែភ្លើងមិនរលត់ទៅវិញ ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ និង ពន្លត់អគ្គិភ័យយករថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍។ 
កម្លាំងសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យ ខណ្ឌជ្រោយចង្វារ បានយករថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿងមកដល់កន្លែងកើតហេតុ រួចធ្វើការបាញ់ពន្លត់អស់ទឹកចំនួន ០២ឡាន ទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរ ប៉ុន្តែអគ្គិភ័យបានបំផ្លាញរថយន្តស្ទើរតែទាំងស្រុង៕