2023-10-01 04:10
321

 (កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងពិនិត្យទូកង ២គ្រឿង ដែលមានឈ្មោះ «ធនស័ក្តិតេជោសែន បារមីវត្តបាណក» និងទូកង «ចតុលោកតេជោសែនជ័យ»  របស់ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីបសំពះព្រះខែ នាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

 ពិធីនេះដែរក៏មានការចូលរួមអមដំណេីរដោយលោក​ ជា​ បូរ៉ា​ រដ្ឋលេខាធិការក្រសួងទេសចរណ៍​ និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍​,លោក​ ថោង​ រដ្ឋសក្តិ​ រដ្ឋលេខាធិការក្រសួងទេសចរណ៍​ ​និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍​ និងស្រុកតាំងគោក​ រួមទាំងមានមន្ត្រីពាក់ព័ន្ធ​ និងកីឡាករ​អុំទូកទាំង២​ ចូលរួមសរុបជិត​ ២០០នាក់។

 គួរជម្រាបថា នៅក្នុងស្រុកបារាយណ៍មានទូកងទាំង២គ្រឿងនេះ ដែលសុទ្ធតែជាទូកងល្បីៗ និងធ្លាប់រក្សាចំណាត់ថ្នាក់ផែនលេខ១ក្នុងការប្រកួតជាហូរហែ ក្នុងនោះរួមមាន៖

 * ទូក ង «ធនស័ក្តិតេជោសែន បារមីវត្តបាណក» នៃវត្តបាណការាម បានបង្កើតឡើងនៅឆ្នាំ១៩៩២ ដែលមានប្រវែង ២១,៥ម៉ែត្រ ទទឹង១,១ម៉ែត្រ មានចំណុះទូកចំនួន ៣៦នាក់។ នៅឆ្នាំ២០១២ ទូក ង ខាងលើនេះមានសភាពចាស់ទ្រុឌទ្រោម ទើបលោកបណ្ឌិត ថោង ខុន បានសម្រេចកសាងទូក ង ធនស័ក្តិតេជោសែនជ័យថ្មី ដែលមានប្រវែង ៣០,៣ម៉ែត្រ ទទឹង ១,៣ម៉ែត្រ ដែលធ្វើឡើងពី ឈើគគីរចាស់ មានសាច់ក្រដាញ់ល្អ មានចំណុះទូកចំនួន ៦៩នាក់។ ទូក ង ធនស័ក្តិតេជោសែនជ័យ បារមីវត្តបាណក បានចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៩ ដោយធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងប្រភេទទូក ង លំដាប់ថ្នាក់ពិសេស នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។

 * សម្រាប់ទូក ង «ចតុលោកតេជោសែនជ័យ» នៃវត្តចតុលោក បានបង្កើតឡើងនៅឆ្នាំ២០០៧ ប្រវែង ៣៤ម៉ែត្រ ទទឹង១,៤ម៉ែត្រ មានចំណុះទូកចំនួន ៧៣នាក់ និងធ្លាប់បានចូលរួមការប្រកួតជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៩ ដោយរក្សាបានចំណាត់ថ្នាក់ផែនលេខ១ ជារៀងរាល់ឆ្នាំ ជាពិសេសនៅឆ្នាំ២០១៨ ទូក ង ចតុលោកតេជោសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ ១៤ទូទាំងប្រទេស ដោយក្នុងផែនលេខ១។

 ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ក្រុមកីឡាករទូកង ទាំងអស់ និងបានបញ្ជាក់ថាសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

 បន្ថែមពីនេះក្រៅពីការសាកសួរសុខទុក្ខ លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំឱ្យគណៈកម្មការទូកងទាំង២ ត្រូវចាត់ចែងការជួសជុលទូកងទាំងពីរនេះទៅតាមបច្ចេកទេសឱ្យបានសមស្រប លាបថ្នាំពណ៌ និងរចនាក្បូរក្បាច់ឡើងវិញទៅតាមរចនាបទបុរាណខ្មែរ ព្រមទាំងត្រួតពិនិត្យលើភាពរឹងមាំ សុវត្ថិភាព និងត្រូវត្រៀមសម្ភារៈសម្រាប់អុំឱ្យបានគ្រប់គ្រាន់ជាដើម សំដៅធ្វើយ៉ាងណា ឱ្យទូកទាំង២នេះអាចចូលរួមប្រកួតប្រជែងបាន។

 លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យក្រុមកីឡាករ ទូកងរទាំង២ ត្រូវខិតខំហ្វឹកហាត់បន្ថែមឱ្យបានជាប់ជាប្រចាំ ដោយគិតចាប់ពីពេលនេះរហូតទៅដល់ថ្ងៃព្រះរាជពិធីបុណ្យអុំទូក នាខែវិច្ឆិកា ខាងមុខ និងខិតខំឱ្យទទួលបានជោគជ័យ ហើយនៅពេលចូលប្រកួតត្រូវគោរពតាមបទបញ្ជាររបស់គណៈកម្មការទូក និងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ និងស្មារតីសាមគ្គីជានិច្ច។

 ជាមួយនឹងស្មារតីក្នុងជួយដល់ក្រុមកីឡាករ ឱ្យបន្តមានទឹកចិត្តក្នុងការប្រឹងប្រែងចូលរួមប្រកួត លោកទេសរដ្ឋមន្ត្រី ថោង ខុន បានសន្យាខិតខំដោះស្រាយនូវរាល់បញ្ហា ក៏ដូចជាសំនូមពររបស់ក្រុមកីឡាករ និងជួយឧបត្ថម្ភសម្រាប់ការស្នាក់នៅ ហូបចុក រហូតដល់ចប់ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីបសំពះព្រះខែ នាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។​ នាឱកាសនោះដែរលោកបណ្ឌិតក៏បានឧបត្ថម្ភដល់ក្រុមកីឡាករ និងអ្នកចូលរួមចំនួន ២០០នាក់ ក្នុងម្នាក់ៗ ទទួលបានថ្នាំពេទ្យធីហ្វី ៣បន្ទះ និងថវិកាមួយចំនួនផងដែរ។គួរបញ្ជាក់ដែរថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រកួតប្រណាំងទូក ង ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ បានអាក់ខានរៀបចំឡើងតាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២ ដែលធ្វើឱ្យទូក ង ទាំងពីរខាងលើមានសភាពចាស់ និងខូចខាតមួយចំនួន ទើបលោកទេសរដ្ឋមន្ត្រី ថោង ខុន បានណែនាំឱ្យគណៈកម្មការទូកងទាំងពីរ ធ្វើការជួសជុល កែលម្អឡើងវិញ និងត្រៀមជ្រើសរើសក្រុមកីឡាករ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំ២០២៣នេះ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានប្រសាសន៍ថា នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នៅរាជធានីភ្នំពេញឱ្យមានភាពអធិកអាធមឆ្នាំនេះផងដែរ៕