2023-12-18 10:12
179

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វីមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។ 

ប្រមុខរដ្ឋ/រដ្ឋាភិបាលបានពិនិត្យឡើងវិញ លើទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមក ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវសេចក្តីប្រកាសចក្ខុវិស័យ និងផែនការ អនុវត្តន៍នៃទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ ដែលបានអនុម័តកាលពីឆ្នាំ២០១៣។ 

កិច្ចប្រជុំកំពូលរំលឹក ខួបអាស៊ាន-ជប៉ុនបានអនុម័តនូវឯកសារដ៏សំខាន់ចំនួន២ ដែលជាឯកសារគោលតម្រង់ទិសនការ ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត ក្នុងការបើកទំព័រថ្មី នៃទំនាក់ ទំនងអាស៊ាន-ជប៉ុន សម្រាប់ការលើកតម្កើងសន្តិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍ ប្រកបដោយចីរភាព សម្រាប់រយៈពេល ១០ឆ្នាំ ទៅមុខទៀត រួមមាន៖ «សេចក្តីប្រកាសចក្ខុវិស័យ រួមស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលជឿទុកចិត្តគ្នា និង ផែនការអនុវត្តន៍នៃសេចក្តីប្រកាសចក្ខុវិស័យរួមនេះ»។ 

នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុននេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះ ដំណើរដ៏វែងឆ្ងាយរបស់អាស៊ាននិងជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ “សាមគ្គីភាព ក្នុងភាពចម្រុះ” និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ “កម្លាំងនៃសន្តិភាព” ដែលប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់របស់យើងនឹងមិនក្លាយជា វេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។ 

សម្តេចធិបតី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ជប៉ុន ក្នុងការអនុវត្តអាទិភាពទាំង ៤ ទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមាន កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងទៀត និងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការបង្កើនសហថាមពល និងប្រសិទ្ធភាសាកិច្ចសហប្រតិបត្តិការរវាង AOIP និងចក្ខុវិស័យថ្មីរបស់ជប៉ុនស្តីពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)៕