2023-05-04 06:05
255

ភ្នំពេញ៖ កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្ដបន្ទាប់ទៀតនៅបណ្ដាប្រទេសម្ចាស់ផ្ទះក្រោយៗទៀត។

នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការជាតិ CAMSOC បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ។

ចំពោះការឯកភាពពីបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ គឺដើម្បីតបស្នង ចំពោះការយកចិត្តទុកដាក់ និងការរៀបចំស៊ីហ្គេមបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ពិសេសការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យចលនាអូឡាំពិកក្នុងតំបន់ និងពិភពលោកមានការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះកម្ពុជា៕