2023-06-24 11:06
432

 

បាត់ដំបង៖ ម្ចាស់ទីតាំងរីសតមួយកន្លែង ដែលកំពុងផ្ទុះការរិះគន់ពេញបណ្តាញសង្គម ក្នុងករណីសាងសង់សំណង់រឹងមាំ រំលោកភចូលដីចំណីស្ទឹងសង្កែ ក្រុងបាត់ដំបង បានសម្រេចចិត្តវាយកម្ទេចចោល និងសុខចិត្តកាយយកអាចម៍ដីចេញពីក្នុងស្ទឹងឱ្យដូចសភាពដើមវិញ ដើម្បីបញ្ចប់ការរិះគន់។


នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន ម្ចាស់ទីតាំងរឺសត បានឱ្យដឹងថា ម្ចាស់រីសតបានឯកភាពយកចេញវ៉េរ៉ង់ដាចេញ ការធ្វើច្រាំងស្ទឹង តាមលំនាំ និងតាមដំណេកស្ទឹងដូចស្ថានភាពដើម និងឱ្យបានលឿនមុនទឹកឡើង….។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកបានឱ្យជំនាញចុះទៅពិនិត្យជាក់ស្ដែងបន្ថែមទៀត និងបានដឹកនាំប្រជុំពិនិត្យនៅល្ងាចថ្ងៃដដែល និងចុះទៅទីតាំងផ្ទាល់។ លោកអភិបាលបានបន្តទៀតថា ក្រោយប្រជុំចប់ពិនិត្យឃើញថា “សំណង់អាគារ គឺនៅលើដីកម្មសិទ្ធិរបស់គេ ,ការធ្វើច្រាំងស្ទឹង គឺតាមលំនាំ និងតាមដំណេកស្ទឹងពីធម្មជាតិ តែអ្វីដែលនៅខ្វះខាត គឺម្ចាស់គាត់មិនទាន់កាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ 
ឯកឧត្តម សុខ លូ បានបញ្ចាក់ថា “ត្រង់ចំណុចនេះ គាត់បានឯកភាពកាយចេញឱ្យបានអស់ដូចស្ថានភាពដើមនិងឱ្យបានលឿនមុនទឹកឡើង....។ ម្ចាស់ដីយល់ព្រមដោយស្ម័គ្រចិត្តយកចេញនូវវេរ៉ង់ដា ដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាង ឃើញខាងក្រោមហ្នឹងមានសរសរ អាក្រក់មើល...ហើយអាចស្ទះចរន្តទឹកតិចតួចដែរពេលខែទឹកឡើង....”។ 
សូមជម្រាបថា ម្ចាស់ទីតាំងរីសត ដែលបានសាងសង់រំលោភដីចំណីស្ទឺងសង្កែ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ប្រាប់ឱ្យដឹងថា មានឈ្មោះ ចៅ ម៉ាដូនេត្រ ស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្នុងករណីម្ចាស់ទីតាំងសាងសង់សំណង់ធ្វើឱ្យប៉ះពាល់ដីចំណីស្ទឹងសង្កែនេះ បានធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង រហូតធ្វើឱ្យអាជ្ញាធរខេត្តបាត់ដំបងក្តៅគូនអង្គុយកៅអីមិនសុខចាត់មន្ត្រីជំនាញចុះពិនិត្យជាបន្តបន្ទាប់ឈានដល់ឱ្យម្ចាស់សំណង់រុះរើវ៉េរ៉ងដាចេញ និងកាយអាចម៍ដីចេញពីស្ទឹង ដើម្បីឱ្យដូចសភាពដើមវិញឱ្យបានមុនខែទឹកស្ទឹងឡើង។
មហាជនបានរិះគន់ថា “ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជា កំពុងត្រូវបានរំលោភបំពានដោយអ្នក មានលុយ មានអំណាច ចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ”។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តបាត់ដំបង បានបំភ្លឺជូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យ ដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋានដោយពិនិត្យឃើញថា “ម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដី របស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងសង្កទ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូច ការចោទប្រកាន់នោះទេ”។ 
រដ្ឋបាលខេត្តបាត់ដំបង បានបំភ្លឺទៀតថា “ចំពោះបច្ចេកទេសនៃការសាងសង់គឺលើកដីទប់សិនបន្ទាប់ពីសាងសង់ រួចរាល់បានកាយដីចេញវិញអស់ហើយមិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុង សាងសង់ច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបង១ ប្រវែង ១០០០ ម៉ែត្រ ដើម្បីការពារការបាក់ដី ដែលកន្លងមកនៅចំណុចទីតាំងនេះ គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សាធ្វើឱ្យបាក់ច្រាំងស្ទឹង ជាបន្ត បន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១”។
បច្ចុប្បន្នបានធ្វើការសាងសង់ផ្លូវបេតុង ប្រវែង ២០០០ ម៉ែត្រ រួចរាល់ធ្វើចរាចរណ៍ទៅមកងាយស្រួល បង់ប្អូនប្រជាពលរដ្ឋសាទរ។ ដូចនេះ សកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរ ទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង៕