2023-08-11 11:08
185

សៀមរាប៖ ហេតុការណ៍ហិង្សានេះ បានកើតឡើង នៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង១៩យប់ ត្រង់ចំណុចប៉ុស្តិ៍យាមតំបន់អភិវឌ្ឈន៍ពាក់ស្នែង ស្ថិតក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ។ មន្ត្រីនគរបាលវរលេខ៧៩៣ កងវិស្វកម្មការពារតំបន់អភិវឌ្ឈន៍ពាក់ស្នែង បានប្រើអំពើហិង្សាកាប់ចាក់គ្នាលើអ្នកសារព័ត៌មាន ខណៈពេលកំពុងជូបជុំផឹកស៊ីជាមួយគ្នា។

 ​សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ញែម ឃឿន ភេទប្រុស អាយុជាង ៣០ឆ្នាំ មានមុខរបរ ជាមន្ត្រីនគរបាលវរ៧៩៣ រស់នៅតំបន់អភិវឌ្ឈន៍ពាក់ស្នែង ភូមិខ្លឹង ឃុំពាក់ស្នែង ស្រុកអង្គរធំ។ ចំណែកជនរងគ្រោះ ឈ្មោះ មុំ ខាន់ដា ហៅ ខ្លាតូចអ្នកសារព័ត៌មាន ភេទប្រុស អាយុជាង ៣០ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិផ្សារកណ្តាល ឃុំផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

​ សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុបណ្ដាលមក ជនរងគ្រោះ និងជនបង្កមានទំនាស់ពាក្យសម្តីក្នុងកន្លែងវង់ផឹកស៊ី។ 

 ពាក់ព័ន្ធករណីនេះ អធិការនគរបាលស្រុកអង្គរធំ លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង បានឲ្យដឹងថា នគរបាលដែលត្រូវជាជនសង្ស័យមិនមែនជានគរបាលចំណុះឲ្យអធិការនគរបាលស្រុកអង្គរធំនោះទេ គឺជាកម្លាំងនគរបាលវិស្វកម្មដែលការពារនូវតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ 

 ក្នុងនោះដែរលោកអធិការក៏បានសំណូមពរដល់មហាជន និងសារព័ត៌មាន មេត្តាយោគយល់នៅពេលសមត្ថកិច្ចកំពុងធ្វើការ គឺត្រូវសុំកិច្ចសហការគ្នាឲ្យបានល្អ ចៀសវាងស្រវឹងស្រាហើយឡាយ (live) ផ្ដេសផ្ដាស។ 

 លោកបញ្ជាក់ថា ករណីនេះ ខាងជនរងគ្រោះបានដាក់ពាក្យប្ដឹងទៅ អាវុធហត្ថស្រុកអង្គរធំរួចហើយ៕