2023-09-29 03:09
336

ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ លេខ១៩៩ កែងនឹងផ្លូវលេខ៣៧៤ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញបុរសម្នាក់បើករថយន្ត្តទំនើបម៉ាក Ford Rangerពាក់ស្លាកលេខនគរបាលបុកជាមួយម៉ូតូសណ្តោងរុឺម៉កលក់ការ៉េមនិងតែគជ់ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ផ្ទប់ទៅនឹងរបងសាលារៀនទួលស្វាយព្រៃបណ្ដាលឱ្យបុរសជាអ្នកលក់ការ៉េមរងរបួសធ្ងន់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសណ្តោងរុឺម៉កលក់ការ៉េមនិងតែគជ់មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខនគរបាល2-3902 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧៤ក្នុងទិសដៅពីកើតទៅលិច ជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរុឺម៉កលក់ការ៉េមនិងតែគជ់ចំពីចំហៀងខាងឆ្វេងពេញទំហឹងផ្ទប់ទៅនឹងរបងសាលារៀនទួលស្វាយព្រៃ បណ្ដាលឱ្យបុរសជាអ្នកលក់ការ៉េមរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ខណ,នោះអ្នកបើកបររថយន្តមិនរង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងសិនទេគឺបានបើករថយន្តយកទៅទុកនៅមុខអធិការដ្ឋាននគរបាលបឹងកេងកងដោយខ្លនឯង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុបម្រុងនឹងធ្វើការវាស់វែង តែឃើញតែភាគីម៉ូតូសណ្តោងរុឺម៉កម្ខាងក៏យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕