2024-03-31 07:03
74

ភ្នំពេញ៖ ជនជាតិវៀតណាម ចំនួន ០៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងចែកចាយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាប និងរឹបអូសគ្រឿងញៀន ០៣គីឡូក្រាម និងសារធាតុគីមីផ្សំជិត ១០គីឡូក្រាម។ 

មុខសញ្ញាជួញដូរគ្រឿងជនជាតិវៀតណាមទាំង ០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបង្ហាញមុខនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់។ 

ប្រតិបត្តិការខាងលើនេះ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។ 

សូមជម្រាបថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២២និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅចំណុច តាមបណ្តោយផ្លូវ ៤៣២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

លទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនល្មើស ចំនូន ០៤នាក់ រួមមាន៖ ១- ឈ្មោះ ង្វៀង កាវយូយ ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩៦, ២- ឈ្មោះ ង្វៀង ម៉ាយសុងហៀន ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត២០០២, ៣- ឈ្មោះ ង្វៀង ហ៊យយី ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩០ និង៤- ឈ្មោះ ង្វៀង យីតាំ ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩៥។ 

កម្លាំងជំនាញចាប់យកគ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ១១៤៤ ក្រាម និងគ្រឿងញៀន នីមេតាហ្សេប៉ាម (Nemetazepham) ទម្ងន់ ២០៣២ ក្រាម សរុបរួមសារធាតុញៀនទម្ងន់ ៣១៧៦ ក្រាម (៣គីឡូ និង១៧៦ក្រាម)។ ជាមួយគ្នានេះ ក៏មានសារធាតុគីមីផ្សំទម្ងន់ ៨៤៥៨ ក្រាម (៨គីឡូ ៤៥៨ក្រាម) និងឧបករណ៍កែច្នៃមួយចំនួនធំផងដែរ។ 

បច្ចុប្បន្នជនល្មើសទាំង ០៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវ ដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕