2023-04-08 06:04
373

កំពត៖ អាជ្ញាធរខេត្តកំពត បានរៀបចំតុបតែកែលម្អរ បំពាក់អំពូលភ្លើងចម្រុះពណ៌ តាមដងផ្លូវសាធារណៈ ដើម្បីត្រៀមចូលរួមសង្សង្ក្រាន្តឆ្នាំថ្មី២០២៣​នេះ ដែលមានរយៈពេល ចំនួន០៣ថ្ងៃ នៅថ្ងៃ​ទី​១៤-១៥ និង១៦ ខែមេសា ឆ្នាំ​២០២៣ ខាងមុខនេះ។

មន្ត្រីសាលាខេត្តកំពត បានឱ្យដឹងថា ការរៀបចំ​ព្រឹត្តិ​ការណ៍​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តកំពតរៀបចំឲ្យមានសង្ក្រាន្ត​ឆ្នាំថ្មី តាមទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូរផង់ និងមានដាក់តាំងលក់នំបុរាណខ្មែរ១០មុខ ក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្ត ដែលប្រជាជន​ខ្មែរ​គ្រប់ៗ​រូបធ្វើឡើង​ក្នុង​គោលបំណង​អបអរសាទរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី សិរី​សួស្តី ជ័យ​មង្គល និង​ជា​ឱកាសល្អ សម្រាប់​ជួបជុំ ក្រុមគ្រួសារ និង​ញ្ញាត​មិត្ត​ជិត​ឆ្ងាយ​។

ក្នុងព្រឹត្តិការណ៍​នេះ រដ្ឋបាលខេត្តកំពត បានរៀបចំតុបតែងតែលម្អដាក់អំពូលភ្លើងចម្រុះពណ៌ នៅតាមដងផ្លូវ នៅក្នុងក្រុងកំពត និងមាន​ការប្រគំ​តន្ត្រីសម័យ រាំលេង​កម្សាន្ត លេងល្បែង​ប្រជាប្រិយ និងតាំង​ពិរព័ណ៍ បង្ហាញផលិតផលនំខ្មែរបុរាណ ១០មុខ និង​មានសម្ភារៈ​ប្រើប្រាស់​សមិទ្ធផល ក្នុងស្រុក ព្រមទាំង​មានការដុតកាំជ្រួច ដើម្បី​បង្ក​ឱ្យមានបរិយាកាស​សប្បាយរីករាយ​ដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ​។

រដ្ឋបាលខេត្ត​កំពត បានបញ្ជាក់ដែរថា យើងមានឆ្នេរខ្សាច់សម្រាប់ដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានពីរកន្លែង សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដើរលេងកម្សាន្តផងដែរ។

រដ្ឋបាលខេត្តកំពត សង្ឃឹមថានឹងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា​ លោក​ឧកញ៉ា​ មន្ត្រីរាជការ អាជីវករ ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យ​បាន​ទទួល​ជ្រាប​ជា​ដំណឹង និង​អញ្ជើញ​មក​ចូលរួម​កម្សាន្ត​សប្បាយរីករាយ​ឲ្យ​បាន​ច្រើន​កុះករ និង​អធិក​អធម្ម ដើម្បី​រួមចំណែក​លើកកម្ពស់​វប្ប​ធម៌ ប្រពៃណី​ជាតិខ្មែរ កិត្យានុភាព​ជាតិ ជាពិសេស​សក្តានុពល​នៃ​ខេត្តកំពតផងដែរ​៕