2023-04-04 09:04
365

ភ្នំពេញ៖ លោ សាន អ៉ីន អតីតប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលមករួមរស់ក្នុងជីវភាពនយោបាយជាមួយ CPP ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។

យោងតាមព្រះរាជក្រឹត្យ នស/រកត/០៤២៣/៥៧៤ របស់ព្រះករណាព្រះមហាក្សត្រ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង លោក សាម អ៉ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សែម ហាក់ ជាអនុរដ្ឋលេខាធិការ ដែលទើបប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថ្មីៗនេះ។

លោក សាម អ៉ីន អតីតប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានលាលែងពីគណប្ស GDP ជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ និងបានស្នើសុំរួមរស់ជីវភាពនយោយបាយជាមួយគណបក្សប្រជាជន។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក សាម អុីន ចូលរួមជាមួយ CPP និងតែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចទទួលបានទទួលលិខិតពី លោក សាម អុីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅក្នុងគ្រុបតេឡេក្រាមនាល្ងាចថ្ងៃអាទិត្យនេះ ថ្ងៃទី៣១មីនា កន្លងទៅនេះថា  "ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិត សាម អុីនដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា"។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់បន្ថែមថា " ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំនឹងស្នើសុំព្រះរាជ្យក្រិត្យតែងតាំងបណ្ឌិតសាម អុីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីឲ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន"៕