2024-03-22 08:03
33

ខេត្តព្រះវិហារ ៖ ឯកឧត្តម  គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ 
ក្នុងឱកាសនោះ ឯកឧត្តម  អភិបាលខេត្ត មានមតិផ្តាំផ្ញើនូវចំណុចមួយចំនួនដូចខាងក្រោម៖
– អនុវត្តនូវតួនាទី ភារកិច្ច និងថែរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរ
– ផ្តល់សេវា និងដោះស្រាយវិវាទនានានៅមូលដ្ឋានអោយបានឆាប់រហ័ស
– ពន្លឿនការធ្វើប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋអោយរួចរាល់មុនឆ្នាំ ២០២៥។
លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានរម្លឹកអំពីការពង្រឹង សន្តិសុខ អភិវឌ្ឍន៍មូលដ្ឋាន និងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលរួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖ 
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ ២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។ 
៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ 
៤. គ្មានក្មេងទំនើង។ 
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។ 
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។ 
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ 
៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។
៩. គ្មានការត្រួតពិនិត្យខុសច្បាប់។
សូមបញ្ជាក់ថា ៖ លោក ចិន ខន្តី អតីតអភិបាលរងស្រុក ឡេីង ជំនួសលោក វុធ តារ៉ា អតីតអភិបាលស្រុកចាស់ ដែលទទួលមរណភាព ដោយរោគាពាធ។
  លោកអភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំដល់លោកអភិបាលស្រុកជាំក្សាន្តថ្មី ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ពង្រឹងរបៀបរបបការងារ រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អ រវាងក្រុមប្រឹក្សាគណៈអភិបាលស្រុក ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឫអង្គភាពនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យទទួលបានជោគជ័យ។
  ឯកឧត្តម  គីម រិទ្ធី ក៏បានថ្លែងណែនាំដល់លោកអភិបាលស្រុកជាំក្សាន្ត ក្នុងនាមជាមេដឹកនាំ ត្រូវធ្វើចិត្តឱ្យធ្ងន់ បើកចិត្តឱ្យទូលាយ ទទួលយកទាំងអស់រាល់ការសរសើរនិងពាក្យរិះគន់ ពង្រឹងការងារសហប្រតិបត្តិការ ពិសេសបាតុភាពនៅក្នុងមូលដ្ឋានឱ្យតឹងណែនក្នុងដៃ ការងារដីធ្លី ការចូលកាន់កាប់ទន្ទ្រានដីរដ្ឋខុសច្បាប់ រួមទាំងទីតាំងដីសម្បទានសេដ្ឋកិច្ច និងទីតាំងដីសម្បទានសង្គមកិច្ចផងដែរ៕