2023-04-07 03:04
306

ខេត្តពោធិ៍សាត់ ៖ មនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយសារលង់ទឹក២ករណីផ្សេងគ្នានៅខេត្តពោធិ៍សាត់ ។

   ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កាលពីរសៀលម្សិលមិញ ថ្ងៃព្រហស្បត្តិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចកំពង់ទឹក(ស្ទឹងស្វាយដូនកែវ)ស្ថិតនៅភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីក្មេងលង់ទឹកម្នាក់បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។ ក្មេងប្រុសរងគ្រោះ(ស្លាប់)ឈ្មោះ ធី ជា អាយុ ៩ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិឃុំកើតហេតុ មូលហេតុៈ ដោយសារចុះលេងទឹកខណៈដែលក្មេងរងគ្រោះមានជំងឺ(ឆ្កួតជ្រូក)។

  ដោយឡែក អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកក្រគរបានឱ្យដឹងដែរថា នៅចំណុចបឹងកក់ ស្ថិតនៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ក៏មានករណីលង់ទឹកមួយបានកើតឡើងផងដែរ ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជួប សៃ ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំកើតហេតុ មូលហេតុ៖ សង្ស័យខ្យល់គរ ហើយជនរងគ្រោះអាចស្លាប់លើសពី៦ម៉ោង ដែលការស្លាប់នោះពុំមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យជាប់ពាក់ព័ន្ធករណីផ្សេងទេ ។

ប្រភពពីអាជ្ញាធរដដែលបញ្ជាក់បន្ថែមទៀតថា បញ្ហាមនុស្សស្លាប់ដោយសារលង់ទឹក២ករណីខាងលើ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធបានសហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ទើបប្រគល់សពជូនក្រុមគ្រួសារទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕