2024-01-14 04:01
75

(កំពង់ចាម)៖ លោក ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានលើកឡើងនូវអត្ថន័យសំខាន់ៗ៤នៃទិវាជ័យជម្នះ៧មករា បង្ហាញជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលសុទ្ធតែសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ឥស្សរជនឆ្នើមៗ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់។
   ការលើកឡើងនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែ ប្រវែង១៦៨ម៉ែត្រ នៅភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
    បន្ទាប់ពីលោក ផេង សុផល អភិបាលស្រុកបាធាយ ឡើងអានរបាយការណ៍នៃការកសាងផ្លូវនោះរួចមក លោកតំណាងរាស្ត្រ ម៉ា ឈឿន បានពាំនាំការសួរសុខទុក្ខ និងសេចក្ដីថ្លែងអំណរគុណពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់គ្នាដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក។
លោកបណ្ឌិតបានលើកបង្ហាញពីអត្ថន័យសំខាន់ៗ៤ចំណុចនៃទិវាជ័យជម្នះ៧មករា ជូនដល់ប្រជាពលរដ្ឋក្នុងពិធីនោះ រួមមាន៖

* អត្តន័យទី១៖ ទិវាជ័យជម្នះ៧មករា ជាថ្ងៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍។ គ្មានគណបក្សណា អង្គការអន្តរជាតិណា សង្គមស៊ីវិលណាមកជួយប្រជាជនកម្ពុជានោះទេ គឺមានតែគណបក្សប្រជាជនកម្ពុជា រួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមនោះទេ ដែលមករំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម រហូតទទួលបានជោគជ័យនាថ្ងៃទី៧ មករា ១៩៧៩ ទាំងនេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានអ្នកមកកាឡៃ ឬមិនទទួលស្គាល់នោះឡើយ។
* អត្ថន័យទី២៖ ទិវាជ័យជម្នះ៧មករា ជាថ្ងៃដែលប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ របបដែលគ្មានសិទ្ធិសេរីភាព គ្មានអាហារហូបគ្រប់គ្រាន់ មានតែការគំរាមកំហែង ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងយកទៅកាប់សម្លាប់រៀងរាល់ថ្ងៃ។ ចាប់ពីថ្ងៃ៧ មករា ១៩៧៩ ប្រជាជនរួចផុតពីការកាប់សម្លាប់ដែលស្លាប់អស់ប្រមាណជាង៣លាននាក់ និងចាប់ផ្ដើមមានការរស់នៅឡើងវិញ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលបានបាត់បង់ដកហូតនៅក្នុងរបបប្រល័យពូជសាសន៍។
អត្ថន័យទី៣៖ ៧មករា ជាពេលបើកសករាជថ្មី ជាពេលមានសុខសន្តិភាព ស្ថិរភាព ឯកភាព មានការអភិវឌ្ឍ មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មានលទ្ធិប្រជាធិបតេយ្យ មានការបោះឆ្នោតតាមការចិត្តស្រឡាញ់ជ្រើសរើស ប្រជាជនអាចប្រកបរបរចិញ្ចឹមជីវភាព ទេសចរណ៍ក្នុងប្រទេស ក្រៅប្រទេស។ អ្វីទាំងអស់នេះគឺគ្មានឡើយនាសម័យខ្មែរក្រហមនោះ។

អត្ថន័យទី៤៖ បន្ទាប់ពីជ័យជម្នះ៧មករា យើងក៏មិនទាន់ស្ងប់សុខ មិនទាន់មានឯកភាពទាំងស្រុងនៅឡើយដែរ ដោយហេតុនៅមានកងទ័ពខ្មែរក្រហមនៅតាមជាយដែនច្រើនទៀត ទោះបីអង្គការសហប្រជាជាតិតាមរយៈអ៊ុនតាក់ ដែលរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ ក៏ខ្មែរក្រហមមិនចុះចូលដូចភាគីផ្សេងៗទៀតដែរ ដូច្នេះការចរចាមិនបានសម្រេចទាំងស្រុងនោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំផ្សះផ្សាជាតិឱ្យមានឯកភាពគ្នាឡើងវិញ ទើបនៅឆ្នាំ១៩៩៨ សម្ដេចបានដាក់ចេញគោលនយោបាយឈ្នះឈ្នះ ដើម្បីបានសន្តិភាព ត្រូវតែឈ្នះឈ្នះទាំងអស់គ្នា ដូច្នេះក៏មានការអំពាវនាវឱ្យចូលរួមធ្វើសមាហរណកម្មនឹងគ្នា មិនយកទោសពៃ រក្សាទ្រព្យសម្បត្តិ មុខតំណែងឱ្យនៅដដែល ទើបធ្វើឱ្យខ្មែរក្រហមព្រមទម្លាក់អាវុធ រំសាយអង្គការចាត់តាំងរបស់ខ្លួន ហើយមករួមរស់ជាមួយរាជរដ្ឋាភិបាល ពេលនោះហើយដែលសករាជសន្តិភាពរះឡើងវិញ។ ដូច្នេះហើយទើបសម្ដេចតេជោទទួលបានកិត្តិនាមថា វីរជនសន្តិភាព បិតាស្ថាបនិកសន្តិភាព អគ្គមគ្គទេសក៍ឆ្នើមនៃនយោបាយឈ្នះឈ្នះ និងទទួលបានមេដាយកិត្តិយសជាច្រើនពីមជ្ឈដ្ឋានអន្តរជាតិ។
    លោកបណ្ឌិត ម៉ា ឈឿន បានគូសរំលេចបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល គ្រប់ការលំបាក មិនដូចពួកប្រឆាំងទេ រាល់ពេលប្រជាជននិងប្រទេសជាតិជួបការលំបាក ពួកគេគ្មានវត្តមានជួយប្រជាពលរដ្ឋឡើយ។ មកដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ បង្កើនការគាំទ្រប្រជាជន បង្កើនការអភិវឌ្ឍប្រទេសជាតិកាន់តែច្រើនឡើងថែមទៀត ក្រោមស្មារតី «រក្សាសមិទ្ធផលដែលមានស្រាប់ បង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត» តួយ៉ាងដូចជាផ្លូវបេតុងដែលត្រូវដាក់ឱ្យប្រើប្រាស់នាពេលនេះ ក៏ជាមនុញ្ញផលដែលបានសន្តិភាព ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែរ៕