2024-02-06 11:02
59

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានចុះអនុវត្តការងារនៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលក្នុងនោះ មានការចូលរួមពីសមាជិកក្រុមការងារ, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញា ព្រមទាំងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងប្រធានការិយាល័យពាក់ព័ន្ធ។

ក្នុងជំនួបនេះផងដែរ, គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានស្នើសុំសាលាដំបូងខេត្តកំពង់ឆ្នាំង ឱ្យផ្តល់ជូននូវស្ថិតិសំណុំរឿងដែលនៅសល់កំពុងចាត់ការទាំងអស់ រួមមាន៖ សំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ជាពិសេស គឺការណែនាំអំពីការបំពេញនូវទម្រង់របាយការណ៍រួម ដើម្បីធ្វើរបាយការណ៍មកគណៈកម្មការវិញ។ 

ម្យ៉ាងវិញទៀត គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការបានស្នើសុំផងដែរ នូវផែនការសកម្មភាពត្រីមាស ប្រចាំឆ្នាំ២០២៤ និង២០២៥ ព្រមទាំងផែនការចំណាត់ការរឿងក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញា, បញ្ជីវត្តមានមន្ត្រីតុលាការប្រចាំថ្ងៃ និងរបាយការណ៍សំណុំរឿងអាទិភាពដូចជា៖ គ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ជាដើម ដើម្បីគណៈកម្មការ មានលទ្ធភាពក្នុងការរៀបចំរបាយការណ៍រួមដាក់ជូនគណៈបញ្ជាការនៃយុទ្ធនាការ៕