2023-04-20 01:04
251

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការជំរុញការលើកកម្ពស់សេវាពេទ្យសហគ្រាសដែលប្រកបដោយ គុណភាព និងប្រសិទ្ធិភាព គឺជាផ្នែកមួយដ៏សំខាន់ណាស់ក្នុងការរួមចំណែកដើម្បីបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ  ដោយទាមទារចាំបាច់ផងដែរឱ្យមាននីតិវិធី និងគោលការណ៍ណែនាំច្បាស់លាស់ក្នុងការសិក្សាស្រាវជ្រាវ និងការតាមដាន ជំងឺវិជ្ជាជីវៈ ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ចំពោះការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយការជំរុញការអនុវត្ត ប្រកាសរួមលេខ ៣៣០ ស.ក.ប.យ ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស  និងប្រកាសរួមលេខ ១៣៩  ស.ក.ប.យ ស្តីពីលក្ខខណ្ឌនិងបេសកកម្មសេវាពេទ្យសហគ្រាស នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ។

សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈគ្រូពេទ្យកម្ពុជា គណៈឆ្មបកម្ពុជា និងគណៈគិលានុប្បដ្ឋាកកម្ពុជា ក្រោមកិច្ចសហការ និងការឧបត្ថម្ភរួមគ្នាពីអង្គការ USAID តាមរយៈគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (EQHA) ដែលអនុវត្ត ដោយអង្គការ FHI360។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណដល់ អង្គការដៃគូជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធដ៏ទៃទៀត ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អកន្លងមកក្នុងការអនុវត្ត កម្មវិធីលើកកម្ពស់លក្ខខណ្ឌសុខភាពការងារនៅកន្លែងធ្វើការ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាដើម្បីធានា បាននូវលក្ខខណ្ឌការងារល្អប្រសើរ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ការងារ និងជម្ងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ នាពេលកន្លងមក។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ និងក្រើនរំលឹក ដល់មន្រ្តីក្រោម ឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើការជំរុញដល់និយោជក គ្រូពេទ្យ សហគ្រាស និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមរោងចក្រ សហគ្រាសទាំងអស់៖ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ មុនពេលប្រកបវិជ្ជាជីវៈ ជាគ្រូពេទ្យសហគ្រាស នៅនាយកដ្ឋានពេទ្យការងារ។ ត្រូវស្នើសុំលិខិតប្រកបមុខរបរជាគ្រូពេទ្យសហគ្រាស រៀងរាល់ពីរឆ្នាំម្តង ដែលចេញដោយ នាយកដ្ឋានពេទ្យការងារ។ ត្រូវចុះឈ្មោះនៅក្នុងគណៈវិជ្ជាជីវៈសុខាភិបាលទៅតាមជំនាញនីមួយៗ ដើម្បីអាចមានសិទ្ធ ប្រកបមុខរបរជាគ្រូពេទ្យប្រចាំរោងចក្រ សហគ្រាស ឱ្យស្របតាម ប្រកាសរួមលេខ១៣៩ ស្តីពីលក្ខ័ខ័ណ្ឌ និងបេសកកម្មសេវាពេទ្យសហគ្រាស។ 
 
គួរជម្រាបជូនដែរថា ក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រុញការអនុវត្តច្បាប់ ស្តីពី ការងារ និងលិខិតបទដ្ឋានគតិយុត្តតាមរយៈយន្តការអធិការកិច្ច ការងារ ក្នុងនោះបានចុះអធិការកិច្ចការងារសរុបចំនួន  ២,៣១១លើក ដោយចុះអធិការកិច្ច ការងារសាមញ្ញ ចំនួន ១,៩៥២លើក អធិការកិច្ចតាមដានការដាក់កំហិតចំនួន ២៥លើក និងអធិការកិច្ចការងារពិសេស ចំនួន ៣៦១លើក។

ក្រសួងការងារបានប្រកាស និងដាក់ឱ្យប្រើប្រាស់សៀវភៅគោលការណ៍ណែនាំ ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថានសម្រាប់ជាឧបករណ៍ណែនាំ និងចង្អុលបង្ហាញពីរបៀបនៃការរៀបចំ គិលានដ្ឋានសហគ្រាសគ្រឹះស្ថានដល់ អ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយការងារផ្នែកសេវាកម្ម សុខភាពនៅកន្លែងធ្វើការ និងផ្តល់ការបណ្តុះបណ្តាលដល់គ្រូពេទ្យសហគ្រាសបានចំនួន ៣វគ្គ ដែលមានគ្រូពេទ្យ សហគ្រាសចូលរួមសរុបចំនួន ៣៣៥នាក់ ព្រមទាំងផ្តល់លិខិតអនុញ្ញាតប្រកបមុខរបរជាគ្រូពេទ្យសហគ្រាសបានចំនួន ៣៣០នាក់ ដល់គ្រូពេទ្យ សហគ្រាស ដែលបានទទួលការបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះ សុវត្ថិភាព និងសុខភាព ការងារសម្រាប់គ្រូពេទ្យសហគ្រាស៕