2024-03-12 04:03
55

ព្រះសីហនុ៖ មនុស្សជាង ៤០០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការបង្ក្រាបពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) ចំនួនពីរគោលដៅផ្សេងៗគ្នា នៅខេត្តព្រះសីហនុ។ 

ប្រតិបត្តិក្តៅគគុកនេះ អនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online)។ 

ចំពោះប្រតិបត្តិការនេះ ទទួលបានលទ្ធផល រួមមាន៖ គោលដៅទី១- នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទីអតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) រកឃើញជនបរទេស សរុបចំនួន ១៧២នាក់ (ស្រី ៤៣នាក់), មាន៤សញ្ជាតិ (វៀតណាម ១០៩នាក់ (ស្រី១៧នាក់), ថៃ៥៤នាក់ (ស្រី ២៤នាក់), ចិនតៃវ៉ាន់ ៨នាក់(ស្រី២នាក់) និងចិន ០១នាក់។ 

ការចុះបង្ក្រាបនោះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកគ្រប់គ្រង ចំនួន ០៥នាក់ (ស្រី ០២នាក់) មាន ២សញ្ជាតិ ចិនតៃវ៉ាន់ ០៤រូប (ស្រី ០២នាក់) និងចិន ០១នាក់ កំពុងបន្តនីតិវិធីកសាងសុំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមាន។ ដោយឡែកជនបរទេសចំនួន ១៦៧នាក់ (ស្រី ៤១នាក់) មាន ៣សញ្ជាតិ (វៀតណាម ១០៩នាក់ ថៃ ៥៤នាក់ ចិនតៃវ៉ាន់ ០៤នាក់) បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។ 

គោលដៅទី២- នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទី២ រកឃើញជនជាតិខ្មែរចំនួន ២៧៩នាក់ (ស្រី២២៧នាក់) និងរកឃើញជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់, មីយ៉ាន់ម៉ា១នាក់)។ សម្រាប់ជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់ មីយ៉ាន់ម៉ា១នាក់) បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។ 

សមត្ថកិច្ចបានបញ្ជាក់ថា គោលបំណងនៃប្រតិបត្តិការនេះ គឺលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕