2023-06-09 09:06
437

កំពត៖ រឿងរ៉ាវលម្អិតនៅពីក្រោយនៃការលោតប៉ុនប៉ងបញ្ចប់ជីវិតរបស់ខ្លួនដោយលោតទម្លាក់ពីលើកំពូលភ្នំបូកគោមកក្រោម ប៉ុន្តែសំណងល្អទើដើមឈើមិនស្លាប់នោះ។ បន្ទាប់ពីឃើញលិខិតបណ្តាំចុងក្រោយមួយច្បាប់អានហើយក្តុកក្តួលស្ទើស្រក់ទឹកភ្នែក ចំពោះមូលហេតុដែលឈានដល់ការលោតសម្លាប់ខ្លួន គឺមានជំងឺប្រចាំកាយ "រលាកស្រោមខួរក្បាល " ដំណាក់កាលចុងក្រោយ។ 


សូមជម្រាបថា យុវជនម្នាក់ បានលោតពីលើកំពូលភ្នំបូកគោ ប៉ុនប៉ងសម្លាប់ខ្លួនមិនស្លាប់ បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះទើលើដើមឈើ ត្រូវសមត្ថកិច្ចប្រតិបត្តិការស្វែងរកពេញមួយយប់ទើបប្រទះឃើញនៅជម្រាល និងជួយសង្គ្រោះ នៅវេលាម៉ោង ២ទាបភ្លឺថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។ 
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះមានយុវជនម្នាក់បានលោតសម្លាប់ខ្លួននៅលើភ្នំបូកគោ ស្ថិតក្រោយវត្តសំពៅប្រាំ ខេត្តកំពត។ 
ជនរងគ្រោះដែលលោតទម្លាក់ពីភ្នំបូកគោប៉ុនប៉ងសម្លាប់ខ្លួនមិនបានសម្រេចមានឈ្មោះ ចិន សុបិន អាយុ ២៤ឆ្នាំ បានសរសេរបណ្តាំចុងក្រោយ រៀបរាប់ពីស្ថានភាពដ៏លំបាក និងស្មុកស្មាញរបស់ខ្លួនប្រាប់ឪពុកម្តាយ និងសាច់ញាតិយ៉ាងក្តុកក្តួលថា "ឲ្យកូនសុំទោស ម៉ែ ពុក បងប្អូន និងសាច់ញាតិទាំងអស់ដែលខ្ញុំសម្រេចចិត្តបញ្ចប់ជីវិតដោយសារខ្ញុំទទួលយកអត់បាននូវជំងឺដែលខ្ញុំកំពុងមាន ជាជំងឺរលាកស្រោមខួរក្បាលដំណាក់កាលចុងក្រោយ ដែលមិនអាចរស់នៅបន្តទៀតបាន"។
យុវជនរងគ្រោះ បានសរសេរទៀតថា "ទោះបីជាវះកាត់ក៏គ្មានសង្ឃឹមថានឹងអាចគេចផុតពីសេចក្តីស្លាប់នេះ។ ការចំណាយលើការវះកាត់អស់ច្រើន ដូចនេះ កូនមិនចង់ឲ្យអ្នកទាំងអស់គ្នាលំបាក គឺកូនអាចរស់នៅបានត្រឹមរយៈពេល ២ខែទៀតប៉ុណ្ណោះ......!"។ 
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ សមត្ថកិច្ចបានទទួលព័ត៌មានភ្ញាក់ផ្អើលមួយពីក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះបានលោតសម្លាប់ខ្លួនពីលើភ្នំបូកគោហើយភ្លាមៗនោះសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ កងសន្តិសុខក្រុមហ៊ុនរីសភ្នំបូកគោ និងក្រុមគ្រួសារបានរុករកឃើញកន្លែងលោតចុះពីលើភ្នំរបស់ជនរងគ្រោះ ត្រង់ចំណុចខាងក្រោយវត្តសំពៅប្រាំ ហើយបន្តស្វែងរកពេញមួយយប់ក៏ប្រទះឃើញជនរងគ្រោះនៅជម្រាលភ្នំដោយមានស្នាមរបួសយ៉ាងច្រើន ប៉ុន្តែសំណាងល្អបានរួចផុតពីគ្រោះដល់អាយុជីវត៕