2023-04-06 08:04
366

កំពង់ស្ពឺ៖ មុខសញ្ញាសង្ស័យដែលធ្វើសកម្មភាពយកដុំថ្មគប់រថយន្ត ម៉ាក ឡិចស៊ី LX470 ស្ថិតលើផ្លូវល្បឿនលឿន ត្រូវបានកម្លាំងនាយកដ្ឋានសណ្តាប់ធ្លាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ប្រចាំគោលដៅផ្លូវល្បឿនលឿន ចុះបង្ក្រាប និងឃាត់ខ្លួនភ្លាមៗដើម្បីសាកសួរ។ 



ក្រោយពីការឃាត់ខ្លួនយុវជនសង្ស័យជាមនុស្សវិបល្លាសមានស្មារតីមិនល្អ ត្រូវបានបញ្ជូនទៅកាន់អធិការនគរបាលស្រុកភ្នំស្រួច ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារទទួលខុសលើបញ្ជាដែលបានកើតឡើង និងចាត់ការបន្តតាមនិតិវិធ។ 

របាយការណ៍នគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា វេលាម៉ោង ១៤និង៣០នាទី កម្លាំងនគរបាល​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ សហការ​ឃាត់មុខសញ្ញាម្នាក់​ជាជនអនាថា (វិបល្លាសស្មារតី​) ភេទប្រុស​ អាយុប្រហែល​ ៣០ឆ្នាំ​ មិនដឹងអាសយដ្ឋាន និង​ស្រុកកំណេីត​ នៅលេីផ្លូវល្បឿនលឿន​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ (៥៣-៥៤​) ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ 

មន្ត្រីគរបាល​នាយ​កដ្ឋាន​សណ្ដាប់​ធ្នាប់​សាធារណៈ​ នៃអគ្គស្នង​ដ្ឋាន​នគរ​បា​ល​ជាតិ​ ប្រចាំការ​នៅផ្លូវ​ល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសនុ បានឲ្យដឹងថា​ រថយន្ត​មួយគ្រឿង​ ម៉ាក​ ឡិច​សុីស​ ពណ៌​ទឹកមាស​ LX470 ស្លាកលេខ​ ព្រៃវែង​ 2C-3​44​4 ជាកម្មសិទ្ធិរបស់​ឈ្មោះ​ អ៊ុក សេងហុង ភេទប្រុស អា​យុ ៥១ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ខណៈពេលកំពុងចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងទិ​សដៅពីលិចឆ្ពោះទៅទិសខាងកេីត​ លុះមកដល់ចំ​ណុ​ចខាងលេី​បានប្រទះឃេីញមនុស្សដែល​សម្ងំឈរអែមនៅលេីផ្លូវល្បឿនលឿនដោយស្មានជាកម្មករ​ផ្លូវ​ល្បឿន​លឿន​ ស្រាប់តែ​យកវត្ថុរឹងគប់មកលេី​រថយន្ដបណ្ដាលឲ្យត្រូវចំចំណុចទ្វាទី២ផ្នែកក្រោយខាងស្ដាំ​ខូចខាតកំពិតបន្តិចបន្តូច។ 

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចប្រចាំគោលដៅសហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចុះឃាត់ខ្លួនបានភ្លាមៗ ដេីម្បីសាក​សួរ និងបន្ដនីតិវិធីស្រាវជ្រាវរកអាណាព្យាបាលទទួល​ខុសត្រូវលេីអំពេីដែលបង្កឲ្យមានម​ហ​ន្ដរាយបះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម​។

ក្នុងករណីខាងលេី​ តំណាងក្រុមហ៊ុន ផ្លូវល្បឿ​នលឿន និងបន្ដសហការជាមួយសមត្ថកិច្ចលេីការគ្រប់គ្រងផ្លូវច្រកឡេីង ពិសេសតំបន់មួយចំនួនដែល​មានដីទំនាប និងអាចងាយស្រួលឡេីងមក​កាន់លើផ្លូវលើល្បឿនលឿនដេីម្បីពង្រឹងលេី​សុវត្ថិភាព អ្នកបេីកបរដែលធ្វេីដំណេីរឆ្លងកាត់តា​មផ្លូវល្បឿនលឿនមេត្ដាសហការជួយផ្ដល់ព័ត៌មានក្នុងករណីមានការពិនិត្យឬជួបករណីសង្ស័យដែលអាចនឹងជួបហានិភ័យដូចករណីនេះ។ 

សមត្ថកិច្ចសង្ឃឹមជឿជាក់ថា ករណីបែបនេះ​នឹងមិនកេីតមានបន្ដទេ​ ដោយស្នេីសុំកិច្ចសហការពី​សមត្ថកិច្ចពាក់ព័ន្ធ​ ក្រុមហ៊ុន​ និងប្រជាពលរដ្ឋ៕