2023-10-19 09:10
519

សៀមរាប៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវវិធានការគន្លឹះជាអាទិភាព ចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខដោយសម្រេចឱ្យបានជាលទ្ធផលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ដោយក្នុងនោះ “ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌” គឺជាការងារអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥។ 

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួស លោក ជឺ សុខ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តកណ្តាលវិញ។ 

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានតុលាការខេត្តសៀមរាបនោះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលខេត្ត, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍បាត់ដំបង, អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនានា ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីតុលាការ និងមន្ត្រីអនុវត្តច្បាប់ជាច្រើនរូបទៀត។ 

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ត្រីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធទាំងអស់អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ 

ឯឧត្តមបានបន្ថែមលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នេះ, នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១, សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខដោយសម្រេចឱ្យបានជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ដោយក្នុងនោះ “ការពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌” គឺជាការងារអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥ នេះ។ 

ឯឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ សម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ ដែលក្នុងនោះរួមមាន៖ 

ទី១- ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន 

ទី២- ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស 

ទី៣- ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។ 

ឯកឧត្តម កើត រិទ្ធ បានបញ្ផាក់ថា ដោយផ្អែកលើទិសដៅជាអាទិភាពខាងលើនេះ, ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំដាក់ចេញនូវយុទ្ធនាការសំខាន់ៗចំនួន៣ សម្រាប់សម្រេចឱ្យបាននូវកិច្ចការអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ គឺ “ ទី១- យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, ទី២- យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ទីនិង៣- យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ”៕