2024-01-03 01:01
87

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ (ប្រើកាំបិត ភ្ជង់ យកកាបូប បណ្តាលឱ្យរបួស) នៅចំណុចតារាងបាល់ផ្លូវបេតុង ភូមិស្វាយប៉ាក ក្រុម៨ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្រព្រឹត្តល្មើសនៅសួនច្បារកាំកូរសុីធី សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។ 

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រូមមាន៖
១. ឈ្មោះ ឡុង ឡេងទ្រី ភេទប្រុស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។
២. ឈ្មោះ វី ខេវិន ភេទប្រុស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ  មុខរបរមិនពិតប្រាកដ។

សម្ភារៈបាត់បង់រួមមាន៖ កាបូបស្ពាយ ចំនួន០១, ចិញ្ចៀនមាសទំងន់៥ជី ចំនួន០១, ប្រាក់ដុល្លារ ចំនួន៧ដុល្លារ, ប្រាក់រៀល ចំនួន៧មុឺនរៀល។
វត្ថុតាងបន្សល់ទុកនៅកន្លែងកេីតហេតុ៖ អាវយឺតដៃខ្លី ពណ៌ទឹកបុិច, ទ្រនាប់ជេីងផ្ទាត់មួយចំហៀងរបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕