2023-07-18 06:07
166

 

សៀមរាប៖ កម្លាំងកងអន្តររាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ចេញកណ្តាប់ដៃដែក យប់កណ្តាលអាធ្រានឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ១៣នាក់ ជាករណីក្មេងទំនើង ចំនួន ១២នាក់ និងករណីលួច ចំនួន ០១នាក់ ។  


    យោងតាមការណែនាំរបស់គណ:បញ្ជាការឯកភាពខេត្តសៀមរាប និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរក្នុងខេត្តសៀមរាប លោកវរសេនីយ៍ឯក ជា រតនៈ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាបានដឹកនាំកម្លាំងចុះល្បាត ឈរជេីងតាមបណ្តាគោលដៅសំខាន់ៗ ទាំងយប់ទាំងថ្ងៃ និងបន្តសហការជាមួយអង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ នៅ ០៤ទីតាំងផ្សេងគ្នា :

   ទីតាំងទី១- នៅវេលាម៉ោង ២០និង១០នាទី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងល្បាតនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា សហការជាមួយប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់  ករណីលួចមានស្ថានទម្ងន់ទោស និងម៉ូតូ ០១គ្រឿង នៅចំណុច ភូមិមណ្ឌល ១ សង្កាត់ស្លរក្រាម ក្រុង/ខេត្តសៀមរាប ។ 
   ទីតាំងទី២- នៅវេលាម៉ោង ២២និង៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងល្បាតកម្លាំងល្បាតនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាបានឃាត់ខ្លួនក្មេងទំនើងកំពុងបង្ហោះម៉ូតូ    ចំនួន ០២នាក់ និងម៉ូតូ ចំនួន ០១គ្រឿង នៅមុខបុរីទេសចរណ៍ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង/ខេត្តសៀមរាប ។ 
   ទីតាំងទី៣- នៅវេលាម៉ោង ២៣និង១០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងល្បាតនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ០៥នាក់ ករណីវាយតប់គ្នា និងម៉ូតូ ចំនួន ០២គ្រឿង នៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ 
   ទីតាំងទី៤- នៅវេលាម៉ោង ២៤និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងល្បាត បានឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ស្រី ០១នាក់ ករណីវាយតប់គ្នា និងម៉ូតូ ចំនួន ០១គ្រឿង នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។ 
  ក្រោយធ្វេីការឃាត់ខ្លួន កម្លាំងនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានប្រគល់ជនសង្ស័យទាំង ១៣នាក់ ស្រី ០១នាក់ និងវត្ថុតាង ឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបន្ដស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕