2023-10-04 01:10
227

កំពត ៖  នារសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថាមន្ត្រី ដើម្បីជាការតបស្នងសងគុណទឹកដីកំណើត ក៏ដូចជាតម្លៃនៃសុខសន្តិភាព រាល់អ្នកមានតួនាទីទាំងអស់នៅតាមមូលដ្ឋានទាំងអស់ត្រូវធ្វើការបំរើជាតិឱ្យបានរុងរឿង ប្រជាជនរបស់ខ្លួនឱ្យមានជីវភាពសមរម្យ ផ្តល់នូវសេចក្តីស្រឡាញ់ ការចែករំលែកទុក្ខលំបាកពីគ្នាទៅវិញទៅមក ពិសេសផ្តល់ភាពកក់ក្តៅចំពោះការផ្តល់សេវាផ្សេងៗជូនពួកគាត់។

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុងកំពត និងក្រុងបូកគោ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី៣ ខែតុលានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ការដែលទទួលបានឋានៈតួនាទីជា ប្រធានក្រុមប្រឹក្សាក្រុង សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុង គឺកើតឡើងដោយការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបានបោះឆ្នោតជូនបេក្ខភាពទាំងអស់ក្នុងគោលបំណងដើម្បីឱ្យទទួលបានការបំរើ ក៏ដូចជាយកចិត្តទុកដាក់ជួយពួកគាត់រាល់ពេលដែលជួបការលំបាក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងបន្ថែមថា យើងទាំងអស់គ្នាកម្រនឹងមានឱកាសថ្ងៃនេះណាស់ ដែលប្រទេសមានសុខសន្តិភាពពេញលេញ ដែលនាំយកមកដោយសម្តេចតេជោ ហ៊ុន សែន ដោយលំបាកដោយជីវិត ដូច្នេះយើងទទួលបានឱកាសនេះហើយ យើងត្រូវខិតខំសាងអំពើល្អឱ្យបានច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយពីយើងទទួលបានតួនាទី ឋានៈ ដែលផ្តល់ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានយើងហើយ គឺយើងត្រូវតែខិតខំធ្វើអំពើល្អ ត្រូវធ្វើការបំរើជាតិឱ្យបានរុងរឿង ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានជីវភាពសមរម្យ ផ្តល់នូវសេចក្តីស្រឡាញ់ ការចែករំលែកទុក្ខលំបាកពីគ្នាទៅវិញទៅមក ពិសេសផ្តល់ភាពកក់ក្តៅចំពោះការផ្តល់សេវាផ្សេងៗជូនពួកគាត់ អំពើទាំងនេះហើយគឺជាការតបស្នងសងគុណទឹកដីកំណើត ក៏ដូចជាតម្លៃនៃសុខសន្តិភាព។

បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យទៀតដឹងថា នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តមនឹងចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩ និងទាំង ៩៣ឃុំ-សង្កាត់ ក្នុងខេត្តកំពត ដើម្បីចែករំលែកនូវធនធានមួយចំនួន ក៏ដូចជាចែករំលែកនូវក្តីស្រឡាញ់ចំពោះក្រុមប្រឹក្សាទាំងអស់ ដែលភាគច្រើនសុទ្ធសឹងតែជាចាស់ព្រឹទ្ធាចារ្យដែលមានគុណបំណាចក្នុងការបំរើជាតិ និងប្រជាជនឱ្យបានល្អប្រសើ។(សឹង រ៉ាត់)