2023-08-29 09:08
259

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី នៃក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ស សុខា បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំនគរបាលជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារ តាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវយកចិត្តដាក់ខ្ពស់បំផុត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបន្តសហការល្អជាមួយស្ថាប័នពាក់ព័ន្ធដទៃផ្សេងៗទៀត។ 

ការណែនាំរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្ត នៅទីស្ដីការក្រសួង។ 

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងថា កន្លងមកថ្នាក់ដឹកនាំក្រសួង អគ្គស្នងការ អគ្គស្នងការរង និងស្នងការនគរបាលរាជធានី-ខេត្ដទាំងអស់ ដែលកន្លងទៅបានយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំស្ថាប័នរបស់ខ្លួន ក្នុងការពង្រឹងនូវភាពជឿជាក់របស់ប្រជាពលរដ្ឋ និងនៅក្បែរប្រជាពលរដ្ឋជានិច្ច។ 

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបចូលកាន់តំណែងរូបនេះ បានផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ដ្រតាមដំណាក់កាលរបស់ក្រសួងមហាផ្ទៃ ក្នុងនោះមានការងារចំពោះមុខសំខាន់ៗ មួយចំនួនដូចជា៖ ការងារចរាចរណ៍, បទល្មើសជួញដូរមនុស្ស, ក្មេងទំនើង, បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗគ្រប់ប្រភេទ ដើម្បីធ្វើយ៉ាងណាស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ថា តាមបណ្ដាខេត្តដែលជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ត្រូវបន្ដថែរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ទប់ស្កាត់ដាច់ខាតកុំឲ្យមានការប៉ុនប៉ងណាមួយមកលើរាជរដ្ឋាភិបាលស្របច្បាប់ ឬការយកទឹកដីប្រទេសកម្ពុជា ដើម្បីវាយប្រហារប្រទេសជិតខាង។ ចំពោះការបង្ក្រាបបទល្មើសផ្សេងៗ ត្រូវបន្ដសហការជាមួយបណ្ដាប្រទេសនានា ដែលស្នើសុំកិច្ចសហប្រតិបត្តិការគ្រប់ភាគីទាំងអស់។ 

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យយកចិត្តទុកដាក់កសាងសមត្ថភាពរបស់មន្ដ្រីពាក់ព័ន្ធព័ត៌មានវិទ្យា ដើម្បីដើរឲ្យទាន់សភាពការណ៍សកល និងបង្កើនទំនើបកម្មក្នុងការបំពេញការងារ ធានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕