2024-03-29 09:03
145

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួនពាក់ព័ន្ធករណី «សញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ, ផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ប្រព្រឹត្តនៅតាមបណ្តាញសង្គម Twitter និង Telegram» ដែលជាការរំលោភបំពានផ្លូវភេទលើកុមារ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការទប់ស្កាត់មិនឲ្យកើតមានក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា «ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺជាការឆ្លើយតបនឹងសេចក្តីរាយការណ៍ពីសេនានុព័ន្ធសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI)»។

ករណីនេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​សហការជាមួយ​តំណាងអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ តំណាងអយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ និង​ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរមួយរូប ភេទប្រុស អាយុ ៣៧ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស សញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ, ផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ប្រព្រឹត្តនៅតាមបណ្តាញសង្គម Twitter និងតាមបណ្តាញសង្គម Telegram កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់អំឡុងឆ្នាំ២០២៤។ 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការក្រើនរំលឹកដល់សាធារណៈជនទាំងអស់ ឲ្យជៀសឆ្ងាយពីការចូលទៅកាន់ វេបសាយ ឬកម្មវិធីបណ្តាញសង្គមនានា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងរូបភាព វីដេអូ បែបអាសអាភាស បើទោះជាខ្លួនមិនមែនជាអ្នកបង្កើត ឬចែកចាយ ផ្សព្វផ្សាយមាតិកាខុសច្បាប់ទាំងអស់នោះក៏ដោយ ជាពិសេសការកាន់កាប់នូវរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការទប់ស្កាត់មិនឲ្យកើតមានក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន​នាយកដ្ឋាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់៕